ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ នៅក្នុងឆ្នាំ២០២២នេះ បណ្ដាផ្សារក្នុងរាជធានីភ្នំពេញមានភាពអ៊ូអរជាងឆ្នាំមុន ខណៈគណៈកម្មការផ្សារបន្តអនុវត្តវិធានការសុខាភិបាលទប់ស្កាត់ជំងឺកូវីដ-១៩។
អាជីវករលក់ដូរក្នុងផ្សារទួលទំពូង និងផ្សារធំថ្មី នៅថ្ងៃទី១៤ ខែកញ្ញានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំនេះ ការលក់ដូរដាច់ជាងឆ្នាំមុន ព្រោះមានអតិថិជនច្រើន មកត្រី សាច់ បន្លែ និងផ្លែងឈឺជាដើមនោះ យកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃគង់នៅវត្តអារាម។លើសពីនេះ ពួកគាត់បន្តថា បច្ចុប្បន្ននៅផ្សារមានភាពអ៊ូអរជាងមុន ព្រោះជំងឺកូវីដស្ងប់ស្ងាត់ជាងមុន។
លោក ហៀង លីម៉េង អនុប្រធានផ្សារកណ្តាល បានឲ្យដឹងដែរថា ដើម្បីទប់ស្កាត់ជំងឺកូវីដ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គណៈកម្មការផ្សារបន្តអនុវត្តវិធានសុខាភិបាល ជាពិសេសអប់រំអាជីវករ និងអតិថិជនចេញ-ចូលក្នុងផ្សារ ត្រូវប្រុងប្រ័ត្នការឆ្លងជំងឺកូវីដ។
ក្រៅពីនេះលោកអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញមកទិញម្ហូបអាហារ និងសំភារៈផ្សេងៗទៀត នៅផ្សារកណ្តាល ដែលជាផ្សារមួយមានទំនិញគ្រប់មុខ និងជួយឲ្យអាជីវករមានចំណូល ដើម្បីសម្រួលជាជីវភាពប្រចាំថ្ងៃផងដែរ។
ជារៀងរាល់ឆ្នាំ ពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិ សន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសទៅជួបឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ដែលប្រជារាស្រ្តខ្មែរ តាំងពីបុរាណរៀងមក តែងតែប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ ពោលគឺចាប់ពីថៃ្ង ១រោច រហូតដល់ថៃ្ងទី ១៥រោច ខែភទ្របទ ដែលគេហៅថាបិណ្ឌ១, បិណ្ឌ២ ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ សម្រាប់ឆ្នាំ២០២២ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញានេះ៕ អត្ថបទ៖ទូច សោភ័ណ

