អូទ្រីស៖ គណៈប្រតិភូមកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានជួបគ្នាដោយប្រយោល ពិភាក្សាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកមិនរំពឹងថា នឹងទទួលបានលទ្ធផលជាផ្លែផ្កាភ្លាមៗនោះ។
កាលពីថ្ងៃអង្គារ ប្រទេសម្ចាស់ហត្ថលេខីដែលសេសសល់ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានជួបជុំគ្នានៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស សម្រាប់កិច្ចពិភាក្សាជុំដំបូង ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ឡើងកាន់អំណាច។ គណៈប្រតិភូសហរដ្ឋអាមេរិកមិនបានចូលរួមដោយផ្ទាល់នោះទេ។ មន្ត្រីការទូតជាន់ខ្ពស់មកពីរុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់បានជួបប្រជុំជាមួយសមភាគីអ៊ីរ៉ង់ សម្រាប់ការពិគ្រោះយោបល់ដែលមានគោលដៅ ត្រួសត្រាយផ្លូវឲ្យទីក្រុងវ៉ាស៊ីនតោនវិលត្រឡប់ មកកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បាននិយាយនៅមុនជំនួបនេះថា មាននូវការប្រាស្រ័យទាក់ទងគ្នាដោយប្រយោលរវាងមន្ត្រីការទូតអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងនាមមិនមែនជាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងមួយនេះ ប៉ុន្តែពួកគេនឹងរក្សាបច្ចុប្បន្នភាព ពេលដែលកិច្ចប្រជុំនៅតែបន្តទៅមុខ។
លោក អាលី រ៉ាប៊ីអេ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ នៅថ្ងៃអង្គារបានស្វាគមន៍សេចក្តីអធិប្បាយកាលពីពេលកន្លងទៅ របស់ទីក្រុងវ៉ាស៊ីនតោនថា ពួកគេអាចនឹងដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់។ លោក រ៉ាប៊ីអេ បាននិយាយថា ពួកយើងយល់ឃើញថា ជំហរមួយនេះប្រាកដនិយម និងជោគជ័យ។ វានឹងអាចចាប់ផ្ដើមកែកុនរឿងរ៉ាវអាក្រក់ ដែលបានបញ្ចប់វិស័យការទូតរវាងប្រទេសទាំង២។ ខណៈពេលនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ណេដ ប្រាយ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំដំបូងធ្វើឡើងដោយប្រទេសជាដៃគូសហរដ្ឋអាមេរិកនៅទីក្រុងវីយែន ពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់គឺជាជំហានស្ថាបនា និងស្វាគមន៍ បើទោះបីវាជាកិច្ចប្រជុំដោយប្រយោលក៏ដោយ។ សូមបញ្ជាក់ថា អ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសមហាអំណាច ៥+១ (អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស + អាល្លឺម៉ង់) កាលពីឆ្នាំ២០១៥ ប៉ុន្តែអតីតលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងមួយនេះវិញ កាលពីឆ្នាំ២០១៨ កន្លងទៅ៕
អត្ថបទ៖ សារ៉ាត់