ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជន ក្នុងបរិយាកាសដ៏សែនរីករាយ។
កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» ប្រារព្ធឡើងក្នុងគោលបំណងរំលឹក និងបង្កើតអនុស្សាវរីយ៍បង្កើនមិត្តភាព សាមគ្គីភាព បំផុសស្មារតីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដល់យុវជនជំនាន់ក្រោយ រួមទាំងបង្កើតឱកាសជួបជុំមហាគ្រួសារខ្មែរ នាឱកាសពិធីបុណ្យកាន់បិណ្ឌ។ ទន្ទឹមនឹងនេះ ក៏មានការចែករំលែករបៀបវេចនំខ្មែរ និងកម្មវិធីកម្សាន្ដសប្បាយនានាបែបប្រពៃណីខ្មែរដល់អ្នកចូលរួមកម្សាន្ដសប្បាយ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ព្រឹតិ្តការណ៍នាពេលនេះ ជាបរិយាកាសមួយ ដែលធ្វើឲ្យយើងគ្រប់គ្នា និងជាលក្ខណៈគ្រួសារ អាចមកស្វែងយល់ពីវប្បធម៌ប្រពៃណី និងបរិយាកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ អញ្ជើញមកចូលរួមវេចនំអន្សមរួមគ្នា ទោះបីថាធ្វើបាន មិនធ្វើបានកី្ត សំខាន់យើងបានចូលរួមចំណែក។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា យើងអាចរៀបចំព្រឹតិ្តការណ៍នេះ គឺផ្តើមចេញពីកត្តាសុខសន្តិភាព លើសពីនេះថែមទៀត យើងត្រូវនិយាយឲ្យច្បាស់ ដែលពិភពលោកទទួលស្គាល់ គឺសមត្ថភាពរបស់កម្ពុជា ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា កម្មវិធី ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា សូមសាធារណជន អញ្ជើញចូលរួមដោយសេរី នៅអគារខេមរានី ដោយកម្មវិធីនេះ នឹងបើកអោយសាធារណជនចូលរួមនៅរសៀលនេះពីម៉ោង ២:០០ ដល់ម៉ោង ៤:០០ រសៀល និងថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង៤រសៀល៕ អត្ថបទ រដ្ឋា

















