ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ បានអះអាងថា កំណាត់ផ្លូវនានា ក្នុងក្រុងសំរោង ដែលបច្ចុប្បន្នកំពុងរងការខូចខាត នឹងត្រូវធ្វើការជួសជុលឡើងវិញ ក្រោយរដូវភ្លៀង ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កំណាត់ផ្លូវខូចខាតទាំងអស់ក្នុងមូលដ្ឋានក្រុងសំរោង មន្ត្រីជំនាញ បានសិក្សា និងគិតគូររួចរាល់អស់ហើយ ប៉ុន្តែដោយសាររដូវនេះជារដូវវស្សា ដូច្នេះការជួសជុលមិនទាន់អាចធ្វើទៅបានទេ ។
ឯកឧត្ដម បានបញ្ជាក់ថា ការជួសជុលផ្លូវនេះ នឹងត្រូវធ្វើឱ្យបានរឹងមាំដើម្បីប្រើប្រាស់បានយូរ។
ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ បានស្នើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានក្នុងក្រុងសំរោងទាំងអស់ ដែលជួបបញ្ហាប្រឈមទាំងអស់នេះ មេត្តាអត់ធ្មត់បន្តិច ។
ឯកឧត្តម បានរំលឹកដល់ជំនាញពាក់ព័ន្ធក្នុងខេត្ត ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យឱ្យបានជាប់ជាប្រចាំលើបញ្ហាផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ឃិន សារិទ្ធិ