សៀមរាប៖ ដើម្បីបម្រើដល់សាធារណជនក្នុងការប្រើប្រាស់រថយន្ដអគ្គិសនី និងដើម្បីលើកកម្ពស់បរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលអគ្គិសនីមួយទៀត នៅក្នុងខេត្ដសៀមរាប បន្តាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសហនុ។ ស្ថានីយបញ្ចូលអាគុយឡាននេះ ស្ថិតនៅសួន ច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដែលដាក់ឱ្យប្រើប្រាស់នៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ។
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ ថា ការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅខេត្ដសៀមរាប នៅក្នុងខេត្ដទេសចរណ៍មួយនេះ បន្ទាប់ពីបានដំឡើងនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ ដាក់ក្នុងខេត្ដព្រះសីហនុហើយ និងនៅក្នុងខេត្ដបាត់ដំបង។
ឯកឧត្ដម បានបញ្ជាក់ថា ស្ថានីយបញ្ចូលអគ្គិសនីរថយន្ដ ចំនួន៤កន្លែងនេះ ជាជំហានទី១ ដែលក្រ សួងបានជំនួយពីអង្គការ UNDP មានចំនួនបួនគ្រឿង ។ តម្លៃការបញ្ចូលអគ្គិសនី ជាងមួយពាន់រៀល អាចប្រើបានចម្ងាយពី៣០០គីឡូម៉ែត្រឡើងទៅ តាមប្រភេទរថយន្ដអគ្គិសនី។ក្រសួងគ្រោងបន្ដដាក់ស្ថានីយ បញ្ចូលអាគុយរថយន្ដនេះ នៅតាមបណ្ដាខេត្ដផ្សេងៗទៀត ហើយក្រសួងសាធារណការ ក៏ស្នើឱ្យស្ថានីយ ប្រេងឯកជននៅទូទាំងប្រទេស ដាក់ស្ថានីយបញ្ចូលថាមពលអគ្គិសនីនេះឱ្យបានច្រើនដែរ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានរថយន្ដប្រើប្រាស់អគ្គិសនី មានភាពងាយស្រួល ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ហើយស្ថានីយ មួយចំនួន បានរៀបចំរួចរាល់ហើយដែរ។
ឯកឧត្ដម បានបន្ដទៀតថា ការស្នើសុំឱ្យមានស្ថានីយបញ្ចូលអគ្គិសនីរថយន្ដនៅតាមស្ថានីយប្រេងឥន្ធនៈ ដោយសារវិស័យឯកជនជាដៃគូយ៉ាងសំខាន់ និងជាក្បាលរទេះភ្លើង ដើម្បីអូសទាញសេដ្ឋកិច្ចឱ្យមានការរីកចម្រើន ។
ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ កម្ពុជា មានរថយន្ដប្រភេទប្រើអាគុយ នេះ ចំនួនជិត១ពាន់គ្រឿង ដែលនាំចូលមកពីប្រទេសចិន អង់គ្លេស អឺរ៉ុប អាមេរិក ។ល។ ឯកឧត្ដម បានអំ ពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្ដប្រភេទអគ្គិសនីនេះ ដើម្បីជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងជួយលើកកម្ពស់បរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖ ឈិត សាវី