ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អះអាងថា ក្រសួងពុំមានគោលការណ៍តម្រូវឱ្យប្រជាពលរដ្ឋទាល់តែមានថវិកាទើបអាចទទួលសេវាព្យាបាល ឬសង្គ្រោះនោះទេ។
ការអះអាងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសុខាភិបាល។
លោកជំទាវវេជ្ជបណ្ឌិត ថ្លែងថា ផ្អែកតាមគោលការណ៍នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋពីថ្នាក់ប៉ុស្តិ៍ មណ្ឌលរហូតដល់មន្ទីររដ្ឋធំៗ នៅទូទាំងប្រទេស បានកំណត់តម្លៃនៃសេវាសុខាភិបាលនីមួយៗត្រឹមត្រូវទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។
ឆ្លើយតបសំនួរអ្នកសារព័ត៌មានអំពីការទាមទារថវិកាមុនព្យាបាល ឬសង្គ្រោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ អះអាងថា ក្រសួងសុខាភិបាលពុំមានគោលការណ៍ដែលតម្រូវឱ្យប្រជាពលរដ្ឋទាល់តែមានថវិកាទើបព្យាបាលបាននោះទេ។
លោកជំទាវវេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា ក្នុងករណីមានមន្ត្រីសុខាភិបាលរូបណាប្រព្រឹត្តកំហុសឆ្គងនឹងទទួលខុសត្រូវច្បាប់លក្ខន្តិកៈមន្ត្រីស៊ីវិល។
យ៉ាងណាមិញ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់មានប្រសាសន៍ថា ក្រៅពីការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវតិ្ថភាពហើយនោះ ក៏ត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ សារាចរណែនាំនានារបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាពង្រឹងគុណតម្លៃ ក្រមសីលធម៌វិជ្ជាជីវៈ រក្សាឲ្យបាននូវកិត្តិនាមជាកងទ័ពអាវសដែលមានចិត្តស្មោះសរជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
បន្ថែមលើសពីនេះ ត្រូវចែករំលែកចំណេះដឹងទៅវិញទៅមក ដោយមានការបណ្តុះបណ្តាលបន្តផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត សំដៅបង្កើនចំណេះដឹងគ្រូពេទ្យប្រកបដោយសមត្ថភាពខ្ពស់ និងត្រូវចូលរួមក្នុងគណៈវិជ្ជាជីវៈ ដែលជាកាតព្វកិច្ចមិនអាចខ្វះបានផងដែរ។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ជានិច្ចកាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខភាពរបស់ប្រជាពលរដ្ឋយើង ជាពិសេសការលើកកម្ពស់គុណភាពការផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន ដែលជាដៃគូជួយបំពេញបន្ថែមក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាយើងឲ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕ អត្ថបទសេក ឧត្តម