ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានបន្តចុះឃ្លាំមើលនៅតាមទីផ្សាររាជធានីភ្នំពេញ ដើម្បីបង្កើនសុវត្ថិភាពចំណីម្ហូបអាហារ ក្នុងឱកាសបុណ្យាកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលឈានដល់នាពេលខាងមុខ ក្នុងគោលដៅ ធ្វើយ៉ាងណាឲ្យម្ហូបអាហារទាំងអស់មានសុវត្ថិភាព មិនបង្ករគ្រោះថ្នាក់ដល់អ្នកបរិភោគ និងព្រះសង្ឃ។
ក្នុងឱកាសចុះត្រួតពិនិត្យទំនិញនានា នៅផ្សារដើមគរ រាជធានីភ្នំពេញ លោក ហេង មាលី ប្រធានសាខាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា សម្រាប់ការងារនេះ មន្ត្រី ក.ប.ប រាជធានី ខេត្ត តែងតែចុះត្រួតពិនិត្យជាប្រចាំ ចំពោះទំនិញគ្រប់ប្រភេទដាក់លក់នៅតាមទីផ្សារ និងទីតាំងអាជីវកម្មម្ហូបអាហារនៅគោលដៅផ្សេងៗគ្នា ដើម្បីធានាការពារនូវការចរាចរលក់នូវទំនិញ ដែលមិនមាន អនុលោមភាព ជាទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់ជាដើម។
ក្នុងប្រតិបត្តិការខាងលើនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រី ក.ប.ប ដែលតែងតែចុះពន្យល់ណែនាំ ត្រួតពិនិត្យទំនិញផ្សេងៗ និងរកសារធាតុគីមីជាដើម ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។
យោងតាមរបាយការណ៍រយៈពេល៨ខែ ឆ្នាំ២០២២នេះ បានឲ្យដឹងថា មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានបង្ក្រាបទំនិញខូចគុណភាព គ្មានស្លាកសញ្ញា ឬស្លាកសញ្ញាមិនអនុលោមតាមបញ្ញត្តិ មានសារធាតុគីមីហាមឃាត់ ឬហួសកាលបរិច្ឆេទប្រើប្រាស់ជិត ២០តោន យកទៅកម្ទេចចោល។
ក្នុងនោះ មន្ត្រីបានចុះបង្ក្រាបទំនិញពាក់ព័ន្ធនឹងការបំពានម៉ាកចំនួនជាង ១១០លើក ដោយបានឃាត់ទុកបណ្តោះអាសន្នទំនិញប្រមាណជាង ៣ ២០០តោន ដើម្បីអនុវត្តនីតិវិធីបន្ត ខណៈបទល្មើសពាក់ព័ន្ធនឹងទំនិញក្លែងក្លាយ មន្ត្រីបានធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធីជាធរមាន ដោយមិនទាន់មានករណីបណ្តឹងទៅតុលាការនៅឡើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី