ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបលោកជំទាវ ULKU Kocaefe ឯកអគ្គរដ្ឋទូតប្រទេសតួគីប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះភាគីទាំងពីរឯកភាពជំរុញការអនុវត្តខ្លឹមសារអនុសារណៈកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កម្ពុជា តួគី ជាពិសេសការជំរុញតភ្ជាប់ជើងហោះហើរកម្ពុជាតួគីឡើងវិញបន្ទាប់ពីស្ថានការណ៍កូវីដ១៩មានធូរស្រាល។
នៅក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា នៅក្នុងអណត្តិបំពេញបេសកកម្មការទូតនៅកម្ពុជា លោកជំទាវបានបង្ហាញការប្តេជ្ញាចិត្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញការតភ្ជាប់ជើងហោះត្រង់កម្ពុជា តួគីឡើងវិញ យ៉ាងហោច ១សប្តាហ៍ជំរុញហោះហើរត្រង់ឲ្យបាន១ទៅ២ជើង និងជំរុញការរៀបចំGreen Pass ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការស្នាក់នៅ ការវិនិយោគ និងជំរុញចលនាទេសចរណ៍រវាងប្រទេសកម្ពុជាតួគីឲ្យមានកំណើនឡើងវិញ នៅក្រោយស្ថានការណ៍កូវីដ១៩មានការធូរស្រាលជាបន្តបន្ទាប់នេះ។
នៅក្នុងជំនួបនេះ លោកជំទាវ ULKU Kocaefe បានថ្លែងការកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងទប់ស្កាត់ការរាតត្បាតកូវីដ-១៩ បានល្អប្រសើរមានការជំរុញបើកប្រទេស បើកសេដ្ឋកិច្ចបើកទេសចរណ៍ជាតិអន្តរជាតិធ្វើដំណើរកម្សាន្តវិញបានលឿន ខណៈដែលនៅក្នុងប្រទេសកម្ពុជានេះ គឺមានគោលដៅទេសចរណ៍ វប្បធម៌ អេកូទេសចរណ៍សំបូរបែប ដែលមានសក្ដានុពល និងមានភាពទាក់ទាញបំផុត។
លោកជំទាវ ឯកអគ្គរដ្ឋទូតតួគី បានចាត់ទុកថា កម្ពុជា ជាគោលដៅប្រទេសមានសុវត្ថិភាព ហើយទោះកម្ពុជា ស្ថិតក្នុងស្ថានភាពសុវត្ថិភាពយ៉ាងណាក៏ដោយក៏យើងសំគាល់ឃើញថា ប្រជាពលរដ្ឋនៅតែបន្តគោរពប្រតិបត្តិការល្អវិធានសុខាភិបាលបានល្អ បន្តនាំគ្នាចាក់វ៉ាក់សាំងកូវីដបានគ្រប់គ្នា ជាពិសេសនោះ ពលរដ្ឋខ្មែរ គឺមានស្នាមញញឹមរួសរាយរាក់ទាក់ និងធ្វើឲ្យលោកជំទាវ នៅរស់កម្ពុជា មានភាពកក់ក្តៅ និងសុវត្ថិភាព៕ អត្ថបទ៖ ស៊ុម សុខជា