បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជានឹងត្រូវជួបក្រុមជម្រើសជាតិ U20 សិង្ហបុរីនាវេលាម៉ោង ៧យប់ថ្ងៃទី១៦ ខែកញ្ញានេះនៃវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ីយុវជនអាយុក្រោម ២០ឆ្នាំ AFC U20 Asian Cup 2023 នៅកីឡដ្ឋាន Republican Central នាប្រទេសតាជីគីស្ថាន។

នេះគឺជាប្រកួតទី២ ក្នុងពូល I របស់ក្រុមទាំងពីរ ដ្បិតកាលពីប្រកួតបើកឆាកក្រុមគោព្រៃជំទង់កម្ពុជាបានចាញ់ក្រុមខ្លាំងលីបង់ ១-០ ខណៈក្រុមយុវជន U20 សិង្ហបុរីស្មើក្រុមម្ចាស់ផ្ទះតាជីគីស្ថាន ០-០។ ទោះបីរបូត ៣ពិន្ទុថ្ងៃបើកឆាក តែក្រុមយុវជនកម្ពុជាត្រូវបានអ្នកគាំទ្រកោតសសើរចំពោះទម្រង់លេង ទោះបីពួកគេមានវេលាសម្រាកមិនគ្រប់គ្រាន់ ក្រោយធ្វើដំណើរទៅដល់ស្ទើរ ១ថ្ងៃមុនការប្រកួតជាមួយលីបង់យ៉ាងណាក៏ដោយ។ ក្រឡេកមកកាន់ការប្រកួតជាមួយសិង្ហបុរីនេះវិញ គេជឿជាក់ថា ក្រុមគោព្រៃជំទង់កម្ពុជានឹងអាចធ្វើបានកាន់តែល្អប្រសើរ បន្ទាប់ពីពួកគេបានហ្វឹកហាត់ និងសម្រាកគ្រប់គ្រាន់មុនឈានដល់ការប្រកួតបន្ទាប់របស់ខ្លួន។

ម្យ៉ាងនេះគឺជាការប្រកួតដ៏សំខាន់ដែលកម្ពុជាត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាឱកាសឡើងទៅវគ្គបន្ដ។ គួរដឹងថា បេសកកម្មនេះក្រុមជម្រើសជាតិ U20 កម្ពុជាស្ថិតក្នុងពូល I ជាមួយលីបង់ សិង្ហបុរី និងម្ចាស់ផ្ទះតាជីគីស្ថាន គ្រាដែលក្រោយជួបសិង្ហបុរី ក្រុមគោព្រៃជំទង់កម្ពុជានឹងត្រូវជួបក្រុមម្ចាស់ផ្ទះក្រោយគេនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ចុងសប្ដាហ៍នេះ៕
អត្ថបទ៖ លី ឈុនឡា