វ៉ូវីណាម៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងរៀបចំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នៅចុងសប្ដាហ៍នេះដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញានៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ សហព័ន្ធបានកំណត់វិញ្ញាសាប្រកួតចំនួន ១៨វិញ្ញាសាក្នុងការប្រកួតឆ្នាំនេះ ក្នុងនោះមានវិញ្ញាសាមេគុនឯកត្តជនពេញវ័យ ៩វិញ្ញាសា, វិញ្ញាសាមេគុនអាយុក្រោម ១៦ឆ្នាំមាន ២វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធមាន ៧វិញ្ញាសា។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានឲ្យដឹងថា មុនឈានដល់ការប្រកួតផ្លូវការ សហព័ន្ធក៏មានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីធានាបាននូវការកាត់សេចក្ដីដោយយុត្តិធម៌ និងតម្លាភាពដល់កីឡាករ-កីឡាការិនីចូលរួម ក៏ដូចជាបង្កើននូវសមត្ថភាពមន្ដ្រីបច្ចេកទេសរបស់ខ្លួនឆ្ពោះទៅរកការប្រកួតធំៗនានផងដែរ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង៕
អត្ថបទ៖ លី ឈុនឡា