អង់គ្លេស៖ កាលពីថ្ងៃអង្គារម្សិលមិញ សាកលវិទ្យាល័យ Oxford បាននិយាយថា ខ្លួនបានផ្អាកការធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារ និងក្មេងជំទង់របស់ក្រុមហ៊ុន AstraZeneca នៅចក្រភពអង់គ្លេស ស្របពេលដែលពួកគេរង់ចាំទទួលទិន្នន័យបន្ថែមទៀត លើបញ្ហាឈាមកកដ៏កម្រកើតឡើងលើមនុស្សពេញវ័យ ដែលទទួលបានការចាក់វ៉ាក់សាំងមួយនេះ។
ផលរំខានលើការសាកល្បង គឺជាផលប៉ះពាល់ចុងក្រោយគេលើវ៉ាក់សាំង ពេលដែលវាក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលឆ្លងសកលជំងឺ COVID-19 បន្ទាប់ពីមានប្រទេសជាច្រើនបានរឹតត្បិតការប្រើប្រាស់វា ដោយសាររកឃើញបញ្ហាសុខភាព ក្រោយចាក់បង្ការរួចមកនោះ។ សាកលវិទ្យាល័យ Oxford បាននិយាយថា គ្មានក្តីកង្វល់សុវត្ថិភាពលើការសាកល្បងព្យាបាលកុមារនោះទេ តែពួកគេត្រូវរង់ចាំសេចក្តីណែនាំពីក្រុមឃ្លាំមើលឱសថចក្រភពអង់គ្លេស មុនពេលចាក់វ៉ាក់សាំងណាមួយបន្ថែមទៀត។ គួរឲ្យដឹងថា សាកលវិទ្យាល័យមួយនេះបាននិយាយកាលពីខែកុម្ភៈកន្លងទៅថា ពួកគេមានគម្រោងចុះឈ្មោះអ្នកស្ម័គ្រចិត្តចំនួន ៣០០នាក់ដែលមានអាយុចន្លោះពី ៦ឆ្នាំទៅ ១៧ឆ្នាំនៅចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃការសិក្សារបស់ពួកគេ។
ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បច្ចុប្បន្នកំពុងពិនិត្យមើលរបាយការណ៍ ពីបញ្ហាឈាមកកក្នុងខួរក្បាលដ៏កម្រមួយដែលគេស្គាល់ថា ជាកំណកឈាមក្នុងខួរក្បាល (CVST) ក្រោយទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ហើយពួកគេរំពឹងថា នឹងប្រកាសឲ្យដឹងពីលទ្ធផលរកឃើញនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ស្អែកនេះ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ EMA បាននិយាយថា មាននូវការផ្សារភ្ជាប់យ៉ាងច្បាស់រវាងវ៉ាក់សាំង និងកំណកឈាម CVST ថ្វីត្បិតតែមូលហេតុដោយផ្ទាល់លើឈាមកកនៅមិនទាន់ដឹងច្បាស់ក៏ដោយ។ ខណៈពេលនោះដែរ អង្គការសុខភាពពិភពលោក (WHO) ដែលតាមដានការសិក្សាមួយនេះ ដោយយកចិត្តទុកដាក់លើវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ជាមួយក្រុមនិយ័តករផ្សេងទៀត បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេរំពឹងថា នឹងគ្មានហេតុផលត្រូវផ្លាស់ប្ដូរការវាយតម្លៃថា អត្ថប្រយោជន៍របស់វ៉ាក់សាំងមានច្រើនជាងហានិភ័យនោះទេ៕
អត្ថបទ៖ សារ៉ាត់