រុស្ស៊ី៖ លោក Vladimir Putin បានទទួលស្គាល់ការព្រួយបារម្ភរបស់ប្រទេសចិនចំពោះបញ្ហានៅអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូងជាមួយប្រធានាធិបតីចិនលោក Xi Jinping ចាប់តាំងពីការវាយលុករបស់រុស្ស៊ី។ ប៉ុន្តែថ្លែងនៅប្រទេសអ៊ូសបេគីស្ថាន លោក Putin បានអរគុណប្រទេសចិនសម្រាប់ជំហរមានតុល្យភាព និងបាននិយាយថា សហរដ្ឋអាមេរិកព្យាយាមបង្កើតពិភពលោកមានប៉ូលតែមួយនឹងត្រូវបរាជ័យ។

លោក Xi បាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការរួមគ្នាជាមួយរុស្ស៊ី ជាប្រទេសមហាអំណាច។ ប្រទេសចិនមិនបានគាំទ្រការវាយលុករបស់រុស្ស៊ីទេ ប៉ុន្តែបានបង្កើនពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងទៀតជាមួយទីក្រុងមូស្គូ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ ជំនួបរបស់មេដឹកនាំទាំង២ នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand បានឈានដល់ចំណុចសំខាន់មួយក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោក Putin បានថ្លែងប្រាប់លោក Xi ថា យើងវាយតម្លៃខ្ពស់ចំពោះជំហរតុល្យភាពរបស់មិត្តចិន ចំពោះវិបត្តិនៅអ៊ុយក្រែន។ ដោយបង្ហាញថា ប្រទេសចិនមានមន្ទិលសង្ស័យ និងការព្រួយបារម្ភអំពីស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន លោកPutin បាននិយាយថា លោកយល់ពីបញ្ហានេះ។
លោក Putin និយាយថា ក្នុងអំឡុងជំនួប យើងនឹងពន្យល់ពីជំហររបស់យើង។ ការវាយលុកនេះបានធ្វើឱ្យទីក្រុងមូស្គូធ្លាក់ចូលទៅក្នុងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួន ជាមួយប្រទេសលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់ ហើយបានធ្វើឱ្យតម្លៃស្បៀងអាហារ និងថាមពលសកលកើនឡើង។ វាក៏ជាបញ្ហាប្រឈមធំមួយសម្រាប់ប្រទេសចិន ដែលមានទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ខណៈបានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហារួមមានសិទ្ធិមនុស្ស និងអនាគតរបស់កោះតៃវ៉ាន់៕
អត្ថបទ៖ ប៊ុនថន