អឺរ៉ុប៖ សភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើការបែងចែកប្រាក់កម្ចីអឺរ៉ុបចំនួន ៥ពាន់លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន។ ប្រាក់កម្ចីនេះគឺជាផ្នែកមួយនៃកញ្ចប់ពិសេសនៃជំនួយម៉ាក្រូហិរញ្ញវត្ថុ ដែលបានលើកឡើងកាលពីខែឧសភាដោយគណៈកម្មការអឺរ៉ុបថា នឹងផ្តល់ប្រាក់កម្ចីរហូតដល់ ៩ពាន់លានអឺរ៉ូដល់ទីក្រុងគីវសម្រាប់ឆ្នាំ២០២២។
នេះគឺការបន្ថែមលើកញ្ចប់ជំនួយម៉ាក្រូហិរញ្ញវត្ថុគ្រាអាសន្នកាលពីពេលមុនចំនួន ១.២ពាន់លានអឺរ៉ូដែលស្ថាប័នអឺរ៉ុបបានព្រមព្រៀងភ្លាមៗ មុនពេលការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងចំណោមជំនួយទឹកប្រាក់ចំនួន ៩ពាន់លានអឺរ៉ូដែលបានសន្យាកាលពីនិទាឃរដូវមុននោះ ទឹកប្រាក់ដំបូងចំនួន ១ពាន់លានអឺរ៉ូត្រូវបានបញ្ចេញកាលពីដើមខែសីហា។ គោលបំណងនៃជំនួយម៉ាក្រូហិរញ្ញវត្ថុនេះ ជាទម្រង់នៃប្រាក់កម្ចីរយៈពេលវែងលើលក្ខខណ្ឌអនុគ្រោះ ដើម្បីធានាបាននូវស្ថិរភាពជាក់លាក់មួយនៅប្រទេសអ៊ុយក្រែន និងបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
សភាអឺរ៉ុបបាននិយាយថា តម្រូវការហិរញ្ញវត្ថុពីខាងក្រៅរបស់អ៊ុយក្រែនបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែការវាយលុករបស់រុស្ស៊ី។ បន្ថែមលើការខូចខាតធ្ងន់ធ្ងរដល់ផ្លូវថ្នល់ ស្ពាន រោងចក្រ លំនៅឋាន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ប្រទេសនេះក៏បានបាត់បង់លទ្ធភាពទទួលបានទីផ្សារហិរញ្ញវត្ថុអន្តរជាតិផងដែរ។ ការបែងចែកថវិកានេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ស្របតាមនីតិវិធីបន្ទាន់ដោយមានសមាជិកចំនួន ៥៣៤នាក់បោះឆ្នោតគាំទ្រ ៣០នាក់ប្រឆាំង និង ២៦នាក់អនុប្បវាទ៕
អត្ថបទ៖ ប៊ុនថន