E-Sports៖ ក្លឹបកីឡាអេឡិចត្រូនិករបស់ចិន EDG បានប្រកាសកាលពីថ្ងៃអង្គារពីគំរោងរបស់ខ្លួន ក្នុងការសាងសង់មជ្ឈមណ្ឌលកីឡាអេឡិចត្រូនិកដ៏ធំបំផុតនៅទីក្រុងសៀងហៃ ដែលត្រូវចំណាយថវិកាប្រមាណ ៩ពាន់លានយន់ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៥។

មានទីតាំងនៅតំបន់ឆ្នេរ Hongqiao មជ្ឈមណ្ឌលកីឡាអេឡិចត្រូនិច Shanghai Super Hopson One មានទំហំសំណង់សរុបប្រហែល ៧០ម៉ឺនម៉ែត្រការ៉េ។ ទីតាំងនេះជាគោលដៅរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក ទីស្នាក់ការកណ្តាល ដែលនឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុត ក្នុងឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងទីក្រុងសៀងហៃ។ មជ្ឈមណ្ឌលនេះនឹងរួមមានកីឡដ្ឋានចំនួន ២ ដោយទី១ គឺជាកីឡដ្ឋានកីឡាអេឡិចត្រូនិកស្តង់ដារអន្តរជាតិដំបូងគេ នៅភាគខាងកើតប្រទេសចិនដែលមានផ្ទៃដី ១៥,០០០ម៉ែត្រការ៉េ មានចំណុះ ៣,០០០កៅអី។
មួយទៀតគឺ "EDG League of Heroes Home Arena" ដែលគ្របដណ្តប់លើផ្ទៃដី ៦,០០០ម៉ែត្រការ៉េ មានចំណុះ ១,០០០កៅអី។ លើសពីនេះ មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំងកំសាន្តផ្សេងៗ សំរាប់មហាជនដែលមានទំហំ ១៨,០០០ម៉ែត្រការ៉េផងដែរ។ បន្ថែមពីលើកីឡាអេឡិចត្រូនិក Shanghai Super Hopson One ក៏នឹងបង្កើតហាងលក់សម្ភារៈកីឡាដំបូងគេជាច្រើននៅក្នុងប្រទេសចិនផងដែរ រួមទាំងសាលមុជក្នុងអគារជម្រៅ ៤៦ម៉ែត្រ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធពិសេសៗជាច្រើនទៀត៕
អត្ថបទ៖នាង សុភាវុធ