បាល់ទាត់៖ ក្រុមនាំមុខគេនៅក្របខណ្ឌទី២ អង់គ្លេស League Championship, Norwich City ខិតជិតធានាបានកៅអីវិលត្រលប់មកកាន់ក្របខណ្ឌកំពូល English Premier League វិញហើយក្រោយជ័យជំនះធំធេង ៧-០ លើ Huddersfield Town។

ខ្សែប្រយុទ្ធហ្វាំងឡង់ Teemu Pukki រកបាន ៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ ខណៈ Emi Buenda, Todd Cantwell, Kieran Dowell និង Jordan Hugill រកបានម្នាក់មួយគ្រាប់។ នេះជាបរាជ័យលើកដំបូងសំរាប់ Huddersfield Town ក្នុង ៥ប្រកួតចុងក្រោយ។ ចំណែន Norwich City បន្ទាប់ពីស្មើជាមួយ Blackburn និង Preston ក៏រកបានជ័យជំនះធំធេងនេះ និងបន្តមិនចាញ់សោះ ១២ប្រកួតជាប់គ្នា។

ជ័យជំនះនេះធ្វើអោយ Norwich នាំមុខដាច់ក្រុមលេខ២ Watford ៨ពិន្ទុ និងនាំមុខដាច់ក្រុមលេខ៣ Brentford ដល់ទៅ ១៧ពិន្ទុតែ Brentford នៅសល់មួយប្រកួតក្នុងដៃ។ ចុងសប្តាហ៍នេះ Norwich នឹងអាចគ្រប់ពិន្ទុធានាបានកៅអីឡើងមក Premier League វិញ ប្រសិនក្រុមលេខ៣ Brentford ក៏ដូចជាក្រុមលេខ៤ Swansea មិនឈ្នះដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ