ភ្នំពេញ៖ លំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយរវាងកងទ័ពកម្ពុជា-ឡាវ និងវៀតណាម រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រព្រឹត្តិទៅ នៅទឹកដីឡាវ បានបញ្ចប់ដោយជោគជ័យ ។
លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា នៃកងទ័ពទាំង៣ប្រទេសបានដំណើរការបានយ៉ាងល្អ និងទទួលបានលទ្ធផលជាផ្លែផ្កាតាមគោលដៅ និងផែនការហ្វឹកហ្វឺនដែលបានគ្រោងទុក និងធានាបាននូវសុវត្ថិភាព១០០% ។
ថ្លែងនៅក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺននេះ ឧត្តមសេនីយទោ ចាន់ថន សនតាក់អាត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានថ្លែងថា ទោះបីជាការហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយរួមគ្នានេះជាលើកដំបូង ប៉ុន្តែបានផ្តល់នូវមេរៀន,ការចែករំលែក និងពិសោធន៍គ្នាទៅវិញទៅមកយ៉ាងច្រើនក្នុងកិច្ចការសង្រ្គោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋនៃប្រទេសនីមួយៗ។
លោក បន្តថា ក្រៅធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាក្នុងរៀបវារៈសង្រ្គោះគ្រោះមហន្តរាយប៉ុណ្ណោះទេ ភាគីទាំងបីប្រទេស ក៏បានផ្លាស់ប្ដូរផ្នែកវប្បធម៌, កីឡា និងប្រពៃណីទំនៀមទំលាប់រួមគ្នាទាំងការពង្រីក សាមគ្គីភាព ទំនាក់ទំនងមិត្តភាព និងភាពយល់ចិត្តគ្នាទៅវិញទៅមក និងស្និតរមួតឡើងបន្ថែមទៀតផងដែរ។
លំហាត់ហ្វឹកហ្វឺនរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាមនេះ ក្រសួងការពារជាតិកម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួនជិតមួយពាន់នាក់។ នៅក្នុងពិធីលំហាត់ហ្វឹកហ្វឺននេះ ភាគីទាំងបីប្រទេសបានប្រើប្រាស់នូវឧទ្ធម្ភាគចក្រ ចំនួន ៥ គ្រឿង,ទូកល្បាតចំនួន ៥គ្រឿង,ទូកស្មាច់ចំនួន១៨ គ្រឿង និង ទូកពង៨គ្រឿង ។ ក្រៅពីនេះ បានប្រើទូកបុកច្រាំង ប្រភេទ PTS គឺជាទូកដែលអាចផ្ទុកកម្លាំង និង ជញ្ជូនកម្លាំងបានទាំងផ្លូវទឹក និងផ្លូវគោក ។ ទូកនេះមានសមត្ថភាព អាចប្រើប្រាស់សម្រាប់ជួយសង្គ្រោះអ្នកដែលជួបគ្រោះថ្នាក់ និងអាចដឹកជញ្ជូនប្រជាជន, សត្វចិញ្ចឹម, យានជំនិះ និង របស់ផ្សេងៗទៀត ដោយអាចបើកបរកាត់ខ្សែទឹកហូរខ្លាំង និងឧបសគ្គផ្សេងៗបានយ៉ាងងាយស្រួលផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺននោះគឺបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការក្រុមប្រឹក្សាភិបាលមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ និងជាប្រមុខរដ្ឋឡាវ និង សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងការពារជាតិកម្ពុជា និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ឡាវ និងវៀតណាមផងដែរ៕ អត្ថបទ៖ បាន ចក់














