ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំកម្មវិធីភ្ជុំបិណ្ឌ «តោះទៅវេចនំអន្សមរួមគ្នា» ដើម្បីរំលឹក និងបង្កើតអនុស្សាវរីយ៍ បង្កើនមិត្តភាព សាមគ្គីភាព បំផុសស្មារតីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដល់យុវជនជំនាន់ក្រោយ បង្កើតឱកាសជួបជុំ និងចែករំលែករបៀបវេចនំខ្មែរ រួមទាំងកម្មវិធីកម្សាន្ដសប្បាយនានា បែបប្រពៃណីខ្មែរ ដល់អ្នកចូលរួមកម្សាន្ដសប្បាយផងដែរ។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងនៃកម្មវិធី ភ្ជុំបិណ្ឌ «តោះទៅវេចនំអន្សមរួមគ្នា» មានសាធារណជនជាច្រើនបានអញ្ជើញចូលរួមវេចនំ ថតរូបអនុស្សាវរីយ៍ និងចូលរួមកម្សាន្ដជាមួយការសម្តែងឧបករណ៍ភ្លេងបុរាណ និងកម្មវិធីសប្បាយជាច្រើនផ្សេងទៀត។
អ្វីកាន់តែពិសេសនោះគឺ ត្រឹមតែថ្ងៃដំបូង បងប្អូនប្រជាពលរដ្ឋខ្មែរបានចូលរួមវេចនំខ្មែរបានចំនួន១,០៣៧នំ ក្នុងនោះមាននំអន្សមជ្រូកចំនួន ១៣៤អន្សម នំអន្សមចេកចំនួន ២៥៧អន្សម នំបទចំនួន ១៤២នំ និងនំគមចំនួន៥០១នំផងដែរ។
ដូច្នេះកុំអោយខកខានឱកាសនេះ សូមសាធារណជនអញ្ជើញចូលរួមដោយសេរី នៅអគារខេមរានី ដោយកម្មវិធីនេះ នឹងបើកអោយសាធារណជនចូលរួមចំនួន២ថ្ងៃទៀត នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង៤រសៀល៕
អត្ថបទ រដ្ឋា












