វាយកូនបាល់៖ ការសំរេចចិត្តចូលនិវត្តន៍របស់កីឡាករវាយកូនបាល់ស្វ៊ីស Roger Federer បានធ្វើឱ្យពិភពកីឡាសោកសៅ ជាពិសេសអ្នកគាំទ្រទូទាំងពិភពលោក។ នេះជាការលើកឡើងរបស់ដៃគូដ៏ស្វិតស្វាញ Rafael Nadal។

ម្ចាស់ជើងឯក Grand Slam ២០ឆ្នាំរូបនេះបានប្រកាសចូលនិវត្តន៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយបំពេញកាតព្វកិច្ចរួចរាល់ក្នុងការចូលរួមការប្រកួត Laver Cup ក្នុងខែកញ្ញានេះ។ Rafael Nadal បានសរសេរនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា គេមិនចង់ឱ្យមានថ្ងៃនេះឡើយ ជាថ្ងៃដែលគេមានអារម្មណ៍សោកសៅមួយ មិនថាសម្រាប់រូបគេផ្ទាល់ តែសម្រាប់មជ្ឈដ្ឋានកីឡាទាំងអស់ទូទាំងពិភពលោក។ កីឡាករអេស្ប៉ាញដដែលបានបន្តថា រូបគេមានកិត្តិយសពន់ពេកក្នុងរយៈពេលកន្លងមកដែលបានប្រកួតប្រជែងជាមួយ Federer ដែលមានទាំងអនុស្សាវរីយ៍រីករាយ និងទឹកភ្នែក។
សូមបញ្ជាក់ថា Rafael Nadal និង Roger Federer ត្រូវបានគេស្គាល់ច្បាស់ថា ជាដៃគូប្រកួតដ៏ស្វិតស្វាញកាលពីអតីតកាលដែលគេឃើញនៅវគ្គផ្តាច់ព្រ័ត្រ Grand Slam សឹងតែគ្រប់កម្មវិធី។ អ្នកទាំងពីរមានប្រវត្តិជួបគ្នា ៤០លើកដោយ Nadal ឈ្នះ ២៤ ខណៈ Federer ឈ្នះ ១៦ ហើយអ្នកទាំងពីរបានចែករំលែកនូវទស្សនីយភាព និងការចងចាំជាច្រើនដល់រលកក្រោយនៃវិស័យកីឡាវាយកូនបាល់ពិភពលោក៕
អត្ថបទ៖នាង សុភាវុធ