ស្វីស៖ លោក រ៉ូហ្គេរីយ៉ូ ហ្គាស្ប៉ា ប្រធាននិយតកម្មអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា អង្គការរបស់លោករំពឹងថា គ្មានហេតុផលត្រូវផ្លាស់ប្ដូរការវាយតម្លៃចុងក្រោយរបស់ខ្លួនថា អត្ថប្រយោជន៍វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនសហការរួមគ្នារវាងអង់គ្លេស និងស៊ុយអែតមានច្រើនជាងហានិភ័យនោះទេ។

លោក ហ្គាស្ប៉ា បាននិយាយថា អង្គការ WHO កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់លើទិន្នន័យចុងក្រោយគេជាមួយនឹងអឺរ៉ុប និងក្រុមនិយតករផ្សេងទៀត ក្រោយមានរបាយការណ៍ពីបញ្ហាឈាមកក នៅក្នុងចំណោមមនុស្សដែលទទួលបានវ៉ាក់សាំងខាងលើ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់និយតករឱសថអឺរ៉ុបបាននិយាយថា មាននូវការផ្សារភ្ជាប់ច្បាស់លាស់រវាងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca និងបញ្ហាឈាមកកដ៏កម្រនៅក្នុងខួរក្បាល ថ្វីត្បិតតែមូលហេតុដោយផ្ទាល់នៅមិនទាន់បានដឹងក៏ដោយ។ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ ក្រោយសេចក្តីអធិប្បាយរបស់លោក ម៉ាកូ កាវ៉ាលឺរី ប្រធានក្រុមវាយតម្លៃវ៉ាក់សាំងថា ពួកគេនៅពិនិត្យមើលវ៉ាក់សាំងមួយនេះ ហើយរំពឹងថានឹងប្រកាសឲ្យដឹងពីលទ្ធផលរកឃើញនៅថ្ងៃពុធ ឬនៅថ្ងៃព្រហស្បតិ៍ស្អែក។
លោក ហ្គាស្ប៉ា បន្តទៀតថា អង្គការ WHO រំពឹងថានឹងឈានដល់ការវាយតម្លៃថ្មីនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ ក្រោយជំនួបរបស់ក្រុមប្រឹក្សាសុវត្ថិភាពឱសថ ប៉ុន្តែពួកគេគ្មានជំនឿថា មានហេតុផលត្រូវផ្លាស់ប្ដូរសេចក្តីណែនាំរបស់ពួកគេដែលថា អត្ថប្រយោជន៍របស់វ៉ាក់សាំង មានច្រើនជាងហានិភ័យនោះទេ។ លោកបាននិយាយប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទសស្វីសថា អ្វីដែលយើងអាចនិយាយបាន គឺការវាយតម្លៃដែលយើងមានសម្រាប់ពេលនេះ គឺការវាយតម្លៃថា អត្ថប្រយោជន៍-ហានិភ័យសម្រាប់វ៉ាក់សាំងនៅតែវិជ្ជមានដដែល ៕
អត្ថបទ៖ សារ៉ាត់