ភ្នំពេញ៖ យោងតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន សម្រាប់ឱកាសឈប់សម្រាក ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រើប្រាស់រថយន្តក្រុងចំនួន ១៧៥ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតនៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ។ លើសពីចំនួនរថយន្ត ១៧៥គ្រឿងនេះ អាជ្ញាធរក៏បានត្រៀមរថយន្តបន្ថែមក្នុងករណីបើមានប្រជាពលរដ្ឋច្រើនរង់ចាំធ្វើដំណើរ។
សម្រាប់ឱកាសឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺនឹងមានរថយន្តក្រុងចំនួន ១៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តដោយមិនគិតថ្លៃ។ ការដឹកជញ្ជូនពលរដ្ឋចាកចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនេះ គឺមានរយៈពេល ៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៧ ខែកញ្ញា។
ពាក់ព័ន្ធនឹងរឿងត្រៀមជូនប្រជាពលរដ្ឋត្រឡប់ទៅស្រុកកំណើតនេះ លោក ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ លើកឡើងថា ក្រុមការងារក៏បានពិចារណា និងបានត្រៀមរថយន្តបន្ថែមលើចំនួន រថយន្តដែលបានដាក់ចេញ ១៧៥គ្រឿង ក្នុងករណីដែលមានប្រជាពលរដ្ឋច្រើនរង់ចាំធ្វើដំណើរ។
លោករំពឹងថា ចំនួនអ្នកជិះគឺអាចក្នុងរង្វង់ជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈការចាប់ផ្ដើមចេញដំណើរគឺនៅម៉ោង៥.៣០នាទីព្រឹក។
ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បន្តថា ការធ្វើដំណើរគឺធ្វើឡើងចំនួនពីរជើង ក្នុងមួយថ្ងៃ សម្រាប់បណ្ដាខេត្តដែលនៅជិតរាជធានីភ្នំពេញ។ រីឯបណ្ដាខេត្តដែលនៅឆ្ងាយ គឺធ្វើដំណើរតែមួយជើងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ចំពោះរថយន្តចំនួន ១៧៥គ្រឿង ដែលបានត្រៀមនោះ គឺមានការបែងចែក ១២០ គ្រឿងសម្រាប់ ការចាកចេញទៅបណ្ដាខេត្ត និងចំនួន ៥៥គ្រឿង សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ៕
អត្ថបទ៖គឺមហុក