អង់គ្លេស៖ អាកាសយានដ្ឋាន Heathrow បាននិយាយថា ប្រមាណ ១៥% នៃកាលបរិច្ឆេទរបស់ខ្លួននឹងត្រូវបានផ្លាស់ប្ដូរនៅថ្ងៃចន្ទ ក្នុងអំឡុងពេលពិធីបុណ្យព្រះសពរបស់ព្រះមហាក្សត្រី Elizabeth។ អាកាសយានដ្ឋាននិយាយថា នេះគឺដើម្បីធានាបានថា ដែនអាកាសលើទីក្រុងឡុងដ៍នឹងស្ងប់ស្ងាត់ក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ។

អាកាសយានដ្ឋាននឹងលុបចោលជើងហោះហើរ រួមទាំងជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ British Airways ចំនួន ១០០ជើង និងជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic ចំនួនបួន។ ដោយឡែកអ្នកដំណើររាប់ម៉ឺននាក់នឹងត្រូវរងផលប៉ះពាល់ ដោយការធ្វើកូដកម្មផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់បារាំងនៅថ្ងៃសុក្រនេះ។ ក្នុងចំណោមជើងហោះហើរដែលត្រូវបានលុបចោល នឹងមានជើងហោះហើរជាច្រើនដែលហោះហើរលើប្រទេសបារាំង ទាំងទៅ និងមកពីប្រទេសនោះទេ។ អាកាសយានដ្ឋាន Heathrow បាននិយាយថា រាល់ការចេញដំណើរ និងការចុះចតនៅថ្ងៃចន្ទនឹងត្រូវពន្យារពេល ១៥នាទីមុន និងក្រោយ ភាពស្ងប់ស្ងាត់រយៈពេល ២នាទីនៅចុងបញ្ចប់នៃពិធីបុណ្យព្រះសព។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អាកាសយានដ្ឋាន Heathrow បានសុំទោសចំពោះការរំខាននេះ ប៉ុន្តែបាននិយាយថា ជាការគោរព ហើយប្រតិបត្តិការទៅ និងមកអាកាសយានដ្ឋាននឹងមានការផ្លាស់ប្តូរសមស្រប ដើម្បីជៀសវាងការរំខានដោយសំឡេងនៅទីតាំងជាក់លាក់នៅថ្ងៃចន្ទ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិល (CAA) បានចេញសេចក្តីណែនាំដែលមានន័យថា អ្នកដំណើរតាមផ្លូវអាកាសដែលជើងហោះហើរត្រូវបានលុបចោល ឬពន្យារពេលនៅថ្ងៃចន្ទ ដោយសារតែការផ្លាស់ប្តូររបស់អាកាសយានដ្ឋាន Heathrow នឹងពុំមានសិទ្ធិទទួលបានសំណងផ្នែកហិរញ្ញវត្ថុស្របច្បាប់នោះទេ។ នោះគឺដោយសារតែទំនងជាត្រូវបានចាត់ទុកថា ជាកាលៈទេសៈពិសេស។ ទោះយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍នឹងផ្តល់ជូនអតិថិជននូវសំណង ឬការកក់សំបុត្រឡើងវិញ៕
អត្ថបទ៖ ប៊ុនថន