បាល់ទាត់៖ ខ្សែប្រយុទ្ធក្លិប Brentford, Ivan Toney ត្រូវបានអ្នកចាត់ការ Gareth Southgate កោះហៅចូលក្រុមជំរើសជាតិអង់គ្លេសលើកដំបូងក្នុងអាជីព សំរាប់ការប្រកួតលក្ខណៈអន្តរជាតិនៃក្របខណ្ឌ UEFA Nations League ក្នុងខែកញ្ញានេះ។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៥គ្រាប់ក្នុង ៦ប្រកួតនៅ English Premier League រដូវកាលនេះ។ អ្នកចាំទី Dean Henderson ខ្សែការពារ Eric Dier និង Ben Chilwell ត្រូវបានកោះហៅសាជាថ្មីផងដែរ។ ជាមួយគ្នានោះដែរ Jordan Henderson និងអ្នកចាំទី Jordan Pickford មិនមានវត្តមានឡើយដោយសាររបួស។ ខ្សែការពារ Manchester United, Harry Maguire និង Luke Shaw នៅតែស្ថិតក្នុងបញ្ជីរបស់លោក Gareth Southgate បើទោះជាមិនសូវលេងជាប់លាប់រដូវកាលនេះ តែមិត្តរួមក្រុម Marcus Rashford និង Jadon Sancho ត្រូវបានមើលរំលងសាជាថ្មី។
Rashford ខកខានមិនបានលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសតាំងពីខែកក្កដា ឆ្នាំ២០២១ ដោយសារមានរបួសាច់ដុំ តែលោក Gareth Southgate បញ្ជាក់ថា Rashford នៅមានពេលវេលាច្រើនថែមទៀតដើម្បីមានឱកាសនៅ World Cup។ ក្រុមអង់គ្លេសនឹងត្រូវជួបជាមួយអ៊ីតាលីនៅទីក្រុម Milan ថ្ងៃទី២៣ នេះមុនជួបអាល្លឺម៉ង់ថ្ងៃទី២៦ នៅ Wembley នៃក្របខណ្ឌ UEFA Nations League៕
អត្ថបទ៖នាង សុភាវុធ