ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បាននិងកំពុងប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាទំនើប នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដែលកម្មវិធីនេះអាចចាប់ ឬកំណត់ដឹងពីមុខសញ្ញាជនសង្ស័យ ឬជនល្មើសមកពីក្រៅប្រទេស ហើយនឹងបង្កហានិភ័យខ្ពស់ ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល មានប្រសាសន៍ថា ពាក់ព័ន្ធនឹងបទល្មើស ក្នុងការគ្រប់គ្រងសន្តិសុខរបស់អាកាសចរស៊ីវិល រាជរដ្ឋាភិបាលបានបង្កើត នូវប្រព័ន្ធជីតាស HPI ក្នុងការគ្រប់គ្រងជនល្មើស ដែលសង្ស័យថា ជននោះបង្កហានិភ័យខ្ពស់ ក្នុងការធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកដំណើរធម្មតា អាចដឹងភ្លាមតែម្ដង ពេលដែលជននោះធ្វើការ Check In នៅប្រទេសណាមួយ ហើយនៅខាងកម្ពុជានឹងដឹង ។
ឯកឧត្តមបន្តថា នេះជាអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងមន្ត្រីជំនាញពាក់ព័ន្ធបានរៀបចំកម្មវិធីឡើង ហើយកំពុងដំណើរការ ខណៈតាំងពីប្រើប្រាស់កម្មវិធីនេះមក ពុំទាន់រកឃើញសកម្មភាពបង្កអសន្តិសុខអ្វីនោះទេ ។
ឯកឧត្តម ជា អូន បន្ថែមថា សម្រាប់ទស្សនទាន និងទិសដៅ ក្រោយពេលស្ថានការណ៍ជំងឺកូវីដ-១៩ លេខាធិការដ្ឋានអាកាសចរស៊ីវិល មានវិធានការណ៍សំខាន់ៗ ក្នុងការទប់ស្កាត់ និងស្ដារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដូចជាការជំរុញ ការពង្រឹង និងពង្រីកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ការពង្រឹងសុវត្ថិភាព តាមបទដ្ឋានគាំពារជំងឺកូវីដ-១៩ ។
ឯកឧត្តម បន្តទៀតថា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ភាពជាដៃគូបន្ថែមទៀត គឺធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញការវិនិយោគបន្ថែម លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ស្របទៅតាមគោលនយោបាយ ពិពិធកម្មសេដ្ឋកិច្ច និងគោលនយោបាយចំហរជើងមុខរបស់រាជរដ្ឋាភិបាល និងវិធានការមួយចំនួនទៀត ៕ អត្ថបទ ៖ បាន សុខរិទ្ធិ
