អារ៉ាប៊ីសាអូឌីត៖ ទូរទស្សន៍ Al Arabiya របស់អារ៉ាប៊ីសាអូឌីតបានរាយការណ៍កាលពីថ្ងៃអង្គារថា នាវាដឹកទំនិញអ៊ីរ៉ង់បានរងការវាយប្រហារ ដោយជនអនាមិកនៅក្នុងសមុទ្រក្រហមស្ថិតនៅចន្លោះអាហ្វ្រិក និងអាស៊ី ខណៈដែលទូរទស្សន៍ពាក់កណ្ដាលផ្លូវការអ៊ីរ៉ង់ Tasnim បានឲ្យដឹងថា នាវាមួយគ្រឿងនេះរងការវាយប្រហារដោយប្រើគ្រាប់មីន។
ទូរទស្សន៍ Al Arabiya បានលើកឡើងពីប្រភពមិនប្រាប់ឈ្មោះថា នាវាអ៊ីរ៉ង់រងការវាយប្រហារនៅជិតតំបន់ឆ្នេរសមុទ្រអេរីត្រៀ និងជានាវារបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប៉ុន្តែពួកគេមិនបានផ្តល់ភស្តុតាងដែលអាចបញ្ជាក់ ពីអំណះអំណាងរបស់ពួកគេនោះឡើយ។ ដោយឡែកទូរទស្សន៍ Tasnim បានបញ្ជាក់ថា នាវាមួយគ្រឿងនេះមានឈ្មោះ Iran Saviz ជានាវាឈរជើងនៅក្នុងសមុទ្រក្រហម អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីគាំទ្រកងកុម្ម៉ង់ដូអ៊ីរ៉ង់ ដែលគេបញ្ជូនឲ្យចុះបេសកកម្មអមដំណើរប្រឆាំងនឹងចោរសមុទ្រ។ ខណៈពេលនោះដែរ ទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ដោយឯករាជ្យ លើសេចក្ដីរាយការណ៍មួយនេះបាននោះទេ ហើយក្រុមមន្ត្រីអ៊ីរ៉ង់ក៏មិនអាចសុំសេចក្ដីអធិប្បាយភ្លាមៗ បាននោះដែរ។
វាគឺជាករណីវាយប្រហារចុងក្រោយគេ មកលើនាវាដឹកទំនិញគ្រប់គ្រងដោយអ៊ីស្រាអែល និងអ៊ីរ៉ង់ចាប់តាំងពីចុងខែកុម្ភៈ ជាហេតុធ្វើឲ្យប្រទេសបច្ចាមិត្តទាំង២ តែងតែចោទប្រកាន់គ្នាទៅវិញទៅមកទៅលើអ្នកទទួលខុសត្រូវ។ ឧប្បត្តិហេតុទាំងនេះដែរ បានកើតមានឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលបានឡើងកាន់អំណាចកាលពីខែមករាកន្លែងទៅ ប្ដេជ្ញាចិត្តវិលត្រឡប់មកកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ជាមួយប្រទេសមហាអំណាចពិភពលោក ដែលត្រូវបានបោះបង់ចោលដោយអតីតលោកប្រធានាធិបតី ដូណាល់ ត្រាំ បើសិនជាទីក្រុងតេអេរ៉ង់វិលត្រឡប់មកអនុវត្តន៍ ពេញលេញជាមួយកិច្ចព្រមព្រៀងមួយនេះវិញ៕
អត្ថបទ៖ សារ៉ាត់