ភ្នំពេញ៖ តាមការអញ្ជើញរបស់ធនាគាពិភពលោក លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាលទៅចូលរួមវេទិកា ស្តីពីហិរញ្ញប្បទានសុខាភិបាលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៏ ដែលមានអ្នកចូលរួមជិត២០០នាក់ មកពីបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលរួម។
គោលបំណងនៃ វេទិកានេះ គឺដើម្បីចែករំលែកមេរៀនជាបទពិសោធន៍ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានដល់កម្មវិធីថែទាំសុខភាពបឋម ជាពិសេសអំពីតួនាទីដ៏សំខាន់របស់ក្រសួងសេដ្ឋកិច្ចនៃប្រទេសនីមួយៗក្នុងការការលើកកម្ពស់សុខភាពរបស់ប្រជាជន។ វេទិការយៈពេល២ថ្ងៃបានប្រមូលអ្នកជំនាញការ និងអ្នកមានបទពិសោធន៍ផ្នែកហិរញ្ញប្បទានសុខាភិបាលជាច្រើន បានចូលរួមជាវាគ្មិន ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ ១) ការបង្កើនភាពស័ក្តសិទ្ធនៃប្រព័ន្ធសុខាភិបាលក្នុងបរិបទនៃ COVID-19 និងនិន្នាការរយៈពេលវែង, ២) យកប្រជាជនជាមជ្ឈមណ្ឌល៖ការផ្តល់ហិរញ្ញប្បទានកម្មវិធីថែទាំសុខភាពបឋមដល់អង្គភាពសុខាភិបាលសកល, ៣) ការផ្តល់មូលនិធិដល់កម្មវិធីថែទាំសុខភាពបឋមក្នុងបរិបទ នៃCOVID-19, ៤) ការការពារហិរញ្ញប្បទានសុខាភិបាលក្នុងបរិបទនៃCOVID-19, ៥)ហិរញ្ញប្បទានឱសថសារវ័ន្តសម្រាប់កម្មវិធីថែទាំសុខភាពបឋម, ៦) ពន្ធសម្រាប់សុខភាពក្នុងបរិបទនៃ COVID-19, ៧) ការវាយតម្លៃប្រសិទ្ធភាពកម្មវិធីថែទាំសុខភាពបឋម៖ វិភាគអំពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងលក្ខខណ្ឌតម្រូវការសង្គ្រោះបន្ទាន់ចាំបាច់ និង ៨) ហិរញ្ញប្បទានសុខាភិបាលសម្រាប់ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទ“ ហិរញ្ញប្បទានសុខាភិបាលសម្រាប់ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា” ដោយបានចែករំលែកបទពិសោធន៍ល្អ និងវឌ្ឍនភាព នៃវិស័យសុខាភិបាល ជាពិសេសការគ្រប់គ្រង ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានទទួលការកោតសរសើរនិងការគាំទ្រពីអ្នកចូលរួមទាំងអស់ ព្រមទាំងធនាគារពិភពលោក៕អត្ថបទ ៖ រដ្ឋា





