អាមេរិក៖ ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បាននិយាយថា លោកស្រីមានផែនការបំពេញទស្សនកិច្ចនៅប្រទេសអាមេនីនៅចុងសប្តាហ៍នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយប្រទេសអាហ្សែបៃហ្សង់ បណ្តាលឲ្យទាហានមកពីភាគីទាំងសងខាងជាង ២០០នាក់បានស្លាប់នៅក្នុងសប្តាហ៍នេះ។
លោកស្រី Pelosi បាននិយាយថា គណៈប្រតិភូរបស់លោកស្រីនឹងរួមមានទាំងសមាជិកសភាគណបក្សប្រជាធិបតេយ្យលោកស្រី Jackie Speier ដែលមានដើមកំណើតជនជាតិអាមេនី នឹងចូលរួមជាមួយសមាជិកសភាដែលនឹងទៅធ្វើទស្សនកិច្ច។ បច្ចុប្បន្ននេះបទឈប់បាញ់កំពុងធ្វើឡើងនៅក្នុងតំបន់ ដោយភាគីទាំងពីរបានដាក់កំហុសគ្នាទៅវិញទៅមកចំពោះជម្លោះនេះ។
ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃសុក្រថា លោកស្រីនឹងធ្វើដំណើរទៅកាន់ប្រទេសអាមេនី ជាកន្លែងដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីដើមសប្តាហ៍នេះ ជាមួយប្រទេសជិតខាងខ្លួនអាហ្សែបៃហ្សង់។ លោកស្រី Pelosi បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៊ែរឡាំង បន្ទាប់ពីបានជួបជាមួយប្រធានសភាអាល្លឺម៉ង់ អឺរ៉ុប និងអ៊ុយក្រែននៅក្នុងកិច្ចប្រជុំក្រុមប្រទេសទាំងប្រាំពីរថា លោកស្រីនឹងធ្វើដំណើរតបតាមការអញ្ជើញរបស់ទីក្រុង Yerevan៕
អត្ថបទ៖ ប៊ុនថន