អ៊ុយក្រែន៖ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏មិនអាចបំបាត់ក្លិនសាកសពនៅក្នុងព្រៃស្រល់ក្នុងក្រុង Izium កាលពីរសៀលថ្ងៃសុក្រ ខណៈក្រុមអ្នកស៊ើបអង្កេតអ៊ុយក្រែនបានធ្វើការនៅកន្លែងបញ្ចុះសពដ៏ធំមួយ ដែលត្រូវបានរកឃើញនៅក្នុងទីក្រុងភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីការដណ្តើមយកបានមកវិញពីកងកម្លាំងរុស្ស៊ី។

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មានផ្នូរគ្មានសញ្ញាសម្គាល់ចំនួន ៤៥០ ត្រូវបានរកឃើញនៅក្នុងទីក្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា សាកសពមួយចំនួនដែលបានរកឃើញនៅក្រុង Izium មានស្លាកស្នាមនៃការធ្វើទារុណកម្ម ដោយបានដាក់កំហុសលើរុស្ស៊ីចំពោះអ្វីដែលលោកចាត់ទុកថាជា «ភាពឃោរឃៅ និងអំពើភេរវកម្ម»។

ទីក្រុង Izium បានទទួលរងការវាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ីយ៉ាងខ្លាំងកាលពីខែមេសា។ ទីក្រុងនេះស្ថិតនៅក្បែរព្រំដែនរវាងតំបន់ Kharkiv និងតំបន់ Donetsk បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់យោធារុស្ស៊ី ក្នុងអំឡុងការចូលកាន់កាប់រយៈពេលប្រាំខែ។ កងកម្លាំងអ៊ុយក្រែនដណ្តើមបានមកវិញទីក្រុងនេះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕
អត្ថបទ៖ ប៊ុនថន