ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម លឿង ជុនយីង (Leung Chun-Ying) អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិន រួមនឹងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់BTV ព័ត៌មានថា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ប្រធានមូលនិធិGX នៅកម្ពុជា គឺ ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែងឡើងវិញ។
គ្រោងធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទីព្រឹក គម្រោងនេះផ្តោតសំខាន់លើ០៣ចំនុច គឺទី១.មូលនិធិGX ផ្តល់នូវរថយន្តចល័តបំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តវះកាត់ភ្នែកគ្រប់មុខ សម្រាប់ធ្វើការវះកាត់ភ្នែកឡើងបាយ(ជំងឺភ្នែកផ្សេងៗ) ចំនួន០២គ្រឿង ប្រគល់ជូនខេត្តព្រៃវែង, ទី២.អញ្ជើញគ្រូពេទ្យភ្នែក និងមន្រី្ត ដើម្បីទៅសិក្សាបំពេញបន្ថែមនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីមានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត នៅក្នុងរថយន្តចល័តនេះ និងទី៣.ជួយផ្តល់សេវាព្យាបាល វះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ដោយមិនគិតថ្លៃ។ នេះជាគម្រោងទី២ហើយ ដែលគម្រោងទី១ បានអនុវត្តន៍នៅក្នុងខេត្តកំពង់ចាម កាលពីឆ្នាំ២០១៨-២០១៩ ដោយអនុវត្តន៍គម្រោងបានរយៈពេលជាង១ឆ្នាំ បានធ្វើការវះកាត់ ព្យាបាលភ្នែកជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ដោយជោគជ័យបានចំនួនជាង ៦០០០នាក់ ហើយពួកគាត់អាចបន្តជីវិតរស់នៅដោយភាពសប្បាយរីករាយ។លើសពីនេះគម្រោងនេះបានចូលរួមចំណែកបង្កើនសមត្ថភាពមន្រី្តសុខាភិបាលផ្នែកចក្ខុរោគ និងបង្កើនការយល់ដឹងពីសារៈសំខាន់ នៃការថែទាំសុខភាពភ្នែក និងការវះកាត់ភ្នែកឡើងបាយ។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ក្នុងអន្តរកាលកូវីដ-១៩ ក្រសួងសុខាភិបាល បានទទួលអំណោយឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាជំនួយរបស់មូលនិធិGX នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ រដ្ឋា




