បាល់ទាត់៖ ក្លិប Aston Villa បានសំរេចក្នុងការទិញយកខ្សែប្រយុទ្ធ Ollie Watkins ពីក្លិប Brentford ក្នុងតម្លៃ ២៨លានផោន ដែលជាការចំណាយច្រើនបំផុតបំបែកកំណត់ត្រាក្លិប។ Ollie Watkins គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលមុន នៅក្របខណ្ឌ League Championship សរុប ២៦គ្រាប់។
កីឡាករវ័យ ២៤ឆ្នាំរូបនេះគឺជាកីឡាករទី២ ដែលមកកាន់ Villa Park បន្ទាប់ពី Matty Cash ដែលផ្ទេរពី Nottingham Forest តម្លៃ ១៦លានផោន។ ការមកដល់ Aston Villa, Ollie Watkins នឹងបានរួមគ្នាជាមួយជាមួយអ្នកចាត់ការ Dean Smith ដែលធ្លាប់ដឹកនាំ Brentford នាំយករូបគេពីក្លិបបាល់ទាត់ Exeter។ កីឡាករដែល Aston Villa ធ្លាប់ទិញថ្លៃបំផុតពីមុនគឺខ្សែប្រយុទ្ធប្រេស៊ីល Wesley តម្លៃ ២២លានផោន តែមិនជោគជ័យឡើយដោយរកបានតែ ៥គ្រាប់ក្នុងការបង្ហាញខ្លួន ២១ប្រកួតនៅ Premier League រដូវកាលមុន។ ក្រុមរបស់លោក Dean Smith ដែលប៊ិះនឹងធ្លាក់ទៅក្របខណ្ឌ League Championship វិញនោះរកបានតែ ៤១គ្រាប់ប៉ុណ្ណោះរដូវកាលមុននៅ EPL ក្នុងនោះមានតែ ៦គ្រាប់ប៉ុណ្ណោះសំរេចបានពីខ្សែប្រយុទ្ធ ដែលរួមមាន ៥គ្រាប់ដោយ Wesley៕
អត្ថបទ៖នាង សុភាវុធ
