រុស្ស៊ី៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលោកខាងលិចនឹងធ្វើឲ្យកើតមានសង្គ្រាមស៊ីវិលនៅសហភាពមីយ៉ាន់ម៉ា តាមរយៈការដាក់ទណ្ឌកម្មមកលើរបបយោធា ដែលបានរឹបអូសអំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ប៉ុន្តែបារាំងបាននិយាយថា សហភាពអឺរ៉ុបនឹងបង្កើនការរឹតត្បិតបន្ថែមទៀត ទៅលើក្រុមឧត្តមសេនីយ៍ប្រទេសមួយនេះ។

ការបង្ហាញការគាំទ្ររបស់វិមានក្រឹមឡាំង បានក្លាយជាការបានចិត្តមួយសម្រាប់យោធា ដែលបានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលឈ្នះឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុន្តែរបបយោធា ប្រឈមឥតឈប់ឈរនឹងយុទ្ធនាការ ធ្វើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ និងការជំទាស់របស់ជនស៊ីវិលនៅទូទាំងប្រទេស ក៏ដូចជាការថ្កោលទោស និងទណ្ឌកម្មពីប្រទេសលោកខាងលិច។ កាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងទីក្រុងយ៉ាងហ្គោនក្រុមបាតុករ បានបាញ់ថ្នាំពណ៌ក្រហមនៅលើផ្លូវជានិមិត្តរូប បង្ហាញពីការបង្ហូរឈាមអំឡុងវិធានការបង្ក្រាបយ៉ាងចាស់ដៃ ពីកងកម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា។ សារជាថ្នាំពណ៌ក្រហមនៅលើផ្លូវសរសេរថា “ឈាមមិនបានរីងស្ងួតនោះទេ”។
ខណៈពេលនោះដែរ សមាគមអ្នកទោសនយោបាយ (AAPP) ដែលជាក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅសហភាពមីយ៉ាន់ម៉ាបាននិយាយថា មនុស្សប្រហែល ៥៧០នាក់ដែលរួមទាំងកុមាររាប់សិបនាក់ ត្រូវបានបាញ់សម្លាប់ដោយទាហាន និងក្រុមនគរបាលអំឡុងភាពរំជើបរំជួលមិនលួសថ្ងៃ ចាប់តាំងពីរដ្ឋប្រហាររហូតមក ហើយកងកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្សជិត ៣.៥០០នាក់។ នៅក្នុងចំណោមអ្នកឃាត់ខ្លួន រួមមានទាំងលោកស្រី ស៊ូជី ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពម្នាក់ នៅសហភាពមីយ៉ាន់ម៉ា និងសមាជិកជាច្រើនរូបទៀត នៅក្នុងគណបក្សក្រុមសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានយកឈ្នះបេក្ខជនជាច្រើនរូបគាំទ្រដោយយោធា នៅការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ៕
អត្ថបទ៖ សារ៉ាត់