
ភ្នំពេញ: ចលនាយុវជនកម្ពុជា«ក១៥៧» បានផ្តល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សប្បុរសជន និងក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍ជិះកង់លើផ្លូវល្បឿនលឿន ចាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ (ប្រវែង ២០០គីឡូម៉ែត្រ) កាលពីដើមខែកញ្ញាកន្លងទៅទទួលបានដោយជោគជ័យនោះ។
កម្មវិធីផ្តល់ប័ណ្ណសរសើរនេះ គឺបានធ្វើឡើងនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីម្ចាស់ឧបត្ថម្ភ ដូចជាតំណាងក្រុមហ៊ុន អ័រគីដេ ក្រុមហ៊ុនស្រាបៀរហនុមាន តំណាងសណ្ឋាគារសុខា សប្បុរសជននានា និងបងប្អូននិយមលេងកីឡាជិះកងជាច្រើនទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកងផ្លូវល្បឿនលឿន ចាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ(ប្រវែង២០០គីឡូម៉ែត្រ) ក្នុងគោលបំណងបំផុសស្មារតីឲ្យកូនខ្មែរគ្រប់រូបមកចាប់អារម្មណ៍លេងសប្បាយនឹងកីឡា ប្រសើរជាជាងការសេពនូវគ្រឿងញៀន និងរឿងអបាយមុខផ្សេងៗ ខណៈព្រឹត្តិការណ៍មួយនេះ គឺបានកើតឡើងជាលើកដំបូងបំផុត ស្ថិតនៅលើផ្លូវល្បឿនលឿននៃប្រទេសកម្ពុជានោះ។
ព្រឹត្តិការណ៍កីឡាជិះកង់លើផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប្រវែង ២០០គីឡូម៉ែត្រ ក្នុងស្មារតីយុវជន«អគុណសន្តិភាព»នេះ គឺបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ដោយមានក្រុមអ្នកនិយមលេងកីឡាជិះកងជាងបីរយកង-នាក់ ដែលមកពីក្រុមផ្សេងៗគ្នានៅប្រទេសកម្ពុជា បន្ទាប់ពីមានការផ្តួចផ្តើមគំនិតដោយ ចលនាយុវជនកម្ពុជា«ក្រុម១៧៥»។ ព្រឹត្តិការណ៍នេះបានទទួលដោយជោគជ័យ ដោយមានអ្នកចូលរួមច្រើននោះ៕អត្ថបទ:បាន ចក់


