បាល់ទាត់៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជាបានបញ្ចប់ការប្រកួតជម្រុះពានរង្វាន់យុវជនអាស៊ី AFC U20 Asian Cup 2022 ហើយដោយរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះក្រោយស្មើ ១ និងចាញ់ ២។

បេសកកម្មលើទឹកដីកណ្ដាលនៃប្រទេសតាជីគីស្ថាននេះ សម្រាប់ការប្រកួតបញ្ចប់ពូល I កាលពីរាត្រីថ្ងៃទី១៨ ខែកញ្ញា ក្រុមគោព្រៃជំទង់កម្ពុជាបានចាញ់ក្រុមម្ចាស់ផ្ទះ U20 តាជីគីស្ថានដោយលទ្ធផល ២-១។ ការប្រកួតចុងក្រោយនេះ កីឡាករ Kamolov របស់ម្ចាស់ផ្ទះគឺជាអ្នកស៊ុតបើកការនាំមុខលើក្រុមកម្ពុជាមុននៅនាទី៥៩ ក្រោយរក្សាលទ្ធផល ០-០ នៅវគ្គទី១។

តែ ៥នាទីក្រោយមកកីឡាករ ហៅ សុខនេត ក៏រកបានគ្រាប់តាមស្មើវិញនៅនាទី៦៤ មុនកីឡាករ Nishonobojzoda រកបាន ១គ្រាប់បន្ថែមឲ្យតាជីគីស្ថាន ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ និងជួយឲ្យពួកគេឡើងវគ្គចុងក្រោយនាឆ្នាំ២០២៣ តែម្ដង។ គួរដឹងថា ៣ប្រកួតរបស់ក្រុមយុវជន U20 កម្ពុជា ប្រកួតទី១ បានចាញ់លីបង់ ១-០ បន្ទាប់មកបានប្រកួតស្មើសិង្ហបុរី ១-១ មុនប្រកួតចុងក្រោយចាញ់តាជីគីស្ថាន ២-១៕
អត្ថបទ៖ លី ឈុនឡា