សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយក្នុងបទសម្ភាសន៍ចាក់ផ្សាយតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ក្នុងករណីមានការឈ្លានពានពីប្រទេសចិន ដែលជាសេចក្ដីថ្លែងការណ៍ច្បាស់លាស់បំផុតរបស់លោកលើបញ្ហានេះ។
ពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធីព័ត៌មាន ៦០នាទីរបស់ទូរទស្សន៍ CBS ថា តើកងកម្លាំងអាមេរិកនឹងការពារកោះស្វ័យគ្រប់គ្រងដែលចិនអះអាងថា ជាដែនដីរបស់ខ្លួននោះ ឬអត់ លោកបានឆ្លើយថា ពិតមែនហើយ បើមានរឿងនេះកើតឡើងមែន នោះគឺជាការវាយប្រហារដែលមិនធ្លាប់មាន។ ដោយត្រូវបានបញ្ជាក់ថា តើលោកចង់បានន័យថា មិនដូចជានៅក្នុងប្រទេសអ៊ុយក្រែន កងកម្លាំងអាមេរិកទាំងប្រុស ទាំងស្រីនឹងការពារកោះនេះក្នុងករណីមានការឈ្លានពានពីចិន លោក Biden បានឆ្លើយថា មែនហើយ។
បទសម្ភាសន៍នេះគឺជាពេលវេលាចុងក្រោយបំផុតដែលលោក Biden ទំនងជាបោះជំហានហួសគោលជំហរជាយូរមកហើយ ដែលធ្លាប់បានបញ្ជាក់ពីគោលនយោបាយរបស់អាមេរិកលើកោះតៃវ៉ាន់ ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់លោកពេលនេះច្បាស់ជាងការលើកឡើងកាលពីកន្លងទៅ អំពីការតាំងចិត្តរបស់ទាហានអាមេរិកក្នុងការការពារកោះនេះ៕
អត្ថបទ៖ សុខមាន