ចំបាប់៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាមានប្រសាសន៍ថា ធ្វើអាជ្ញាកណ្ដាល-ចៅក្រមត្រូវស្គាល់តួនាទីរបស់ខ្លួនឲ្យបានច្បាស់ ពិសេសត្រូវចៀសឲ្យផុសនូវអគតិទាំង ៤ ដើម្បីរក្សានូវគុណតម្លៃ និងកេរ្ដិ៍ឈ្មោះក្នុងអាជីពមួយនេះ។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ចប់ការរៀបចំ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតមូលដ្ឋានដែលធ្វើឡើងរយៈពេល ៣ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានសិក្ខាកាមចំនួន ៣០នាក់ចូលរួមមកពីបណ្ដាក្លិបនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រសួងមហាផ្ទៃ។ តាមការបញ្ជាក់របស់មន្ដ្រីជំនាញដដែល អាជ្ញាកណ្ដាល-ចៅក្រមមានតួនាទីសំខាន់ ២ ទី១-ការការពារនូវរាល់បទបញ្ជាការប្រកួតតាមនិយាមរបស់សហព័ន្ធអន្ដរជាតិនីមួយៗ ទី២-ត្រូវបញ្ជ្រាបចំណេះដឹងដល់មនុស្សទូទៅ មិនថាគ្រូបង្វឹក កីឡាករ-កីឡាការិនី ឬមហាជននោះទេ ដើម្បីជ្រាបច្បាស់ពីក្បួនច្បាប់នៃការប្រកួត ពិសេសនៅពេលមានការផ្លាស់ប្ដូរច្បាប់ណាមួយដោយសហព័ន្ធអន្ដរជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា ក្រៅពីត្រូវស្គាល់តួនាទី អាជ្ញាកណ្ដាល-ចៅក្រមត្រូវលុបបំបាត់អគតិទាំង ៤ ទី១-គ្រួសារនិយម ទី២-សេចក្ដីស្រលាញ់ (មនោសញ្ចេតនា) ទី៣-ស្រលាញ់ដោយសារផលប្រយោជន៍ និងទី៤-គំនាបរបស់នរណាម្នាក់។ ឯកឧត្តមថា អគតិទាំង ៤ នេះអាចធ្វើឲ្យគុណតម្លៃ និងកេរ្ដិ៍ឈ្មោះត្រូវបាត់បង់ភ្លាមៗ ប្រសិនបើមានក្នុងខ្លួនរបស់អាជ្ញាកណ្ដាល-ចៅក្រម។
ដូច្នេះត្រូវចៀសវាងឲ្យផុតនូវអគតិទាំង ៤ ព្រោះវាជាគុណតម្លៃដ៏សំខាន់របស់អាជ្ញាកណ្ដាល-ចៅក្រម។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបានជំរុញឲ្យអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ក្រោយបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋាននេះ ត្រូវខិតខំសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួន សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ ពិសេសឯកឧត្តមបានជំរុញឲ្យអគ្គលេខាធិការ និងរដ្ឋបាលសហព័ន្ធរៀបចំអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិនានា ដើម្បីទទួលបាននូវអាជ្ញាប័ណ្ឌអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិទៀតផង។ គួរដឹងថា វគ្គបណ្ដុះបណ្ដាលខាងលើគឺបង្រៀនដោយអាជ្ញាកណ្ដាលអន្ដរជាតិរបស់កម្ពុជា ២រូបគឺលោក នុត សេរីរដ្ឋា និង យឹង សុវណ្ណារ៉ា ខណៈជាលទ្ធផលក្រោយសិក្សារយៈពេល ៣ថ្ងៃមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ៩០% និងនិទ្ទេសល្អបង្គួរ ១០%៕
អត្ថបទ៖ លី ឈុនឡា