ប្រដាល់៖ កីឡាករប្រដាល់ម៉ិកស៊ិក Saul Canelo Alvarez នៅតែអាចការពារខ្សែក្រវាត់ទាំង ៤ស្ថាប័នរបស់ខ្លួនបានសំរេច ក្រោយយកឈ្នះកីឡាករប្រដាល់កាហ្សាក់ស្ថាន Gennady Golovkin ពេញ ១២ទឹកដោយពិន្ទុឯកច្ឆន្ទ។ នេះជាជំនួបទី៣ ហើយរវាងកំពូលកីឡាករប្រដាល់ទាំងពីរនៅទីក្រុង Las Vegas នេះស្របពេលដែល Canelo Alvarez ដណ្តើមបានជ័យជំនះជាលើកទី២ បន្ទាប់ពីប្រកួតដំបូងស្មើគ្នាទាំងប្រទាំងប្រទូស។

ចៅក្រមទាំង ៣ បានសំរេចឱ្យ Canelo Alvarez ឈ្នះដោយពិន្ទុ ១១៦-១១២, ១១៥-១១៣ និង ១១៥-១១៣។ បន្ទាប់ពីបញ្ចប់ការប្រកួតដ៏តានតឹងកីឡាករទាំងពីរបានគោរពគ្នាទៅវិញទៅមក ស្របពេលដែលអ្នកចាញ់គឺកីឡាករ Gennady Golovkin បានអបអរសាទរជ័យជំនះរបស់ Canelo និងនិយាយថា Canelo ជាកំពូលកីឡាករប្រដាល់ក្នុងប្រភេទទំងន់ពិតៗ។ កីឡាករវ័យ ៣២ឆ្នាំ Canelo Alvarez នៅតែអាចរក្សាខ្សែក្រវាត់ទាំង ៤ស្ថាប័នក្នុងប្រភេទទំងន់មធ្យមនេះរួមមាន IBF, WBA, WBO និង WBC។

គេមិនទាន់ដឹងពីអនាគតអ្នកទាំងពីរបែបណានៅឡើយ ខណៈ Canelo Alvarez បញ្ជាក់ថាត្រូវការសម្រាក មុននឹងសំរេចថាត្រូវប្រកួតសងសឹកជាមួយកីឡាកររុស្ស៊ី Dmitry Bivol រឺក៏អត់បន្ទាប់ពីធ្លាប់ចាញ់ពីរលើករួចមកហើយ។ ចំណែកឯ Gennedy Golovkin ដែលមានវ័យ ៤០ឆ្នាំទៅហើយនោះក៏មិនទាន់សំរេចចិត្តចូលនិវត្តន៍នៅឡើយ បន្ទាប់ពីស្គាល់បរាជ័យតែពីរលើកក្នុងចំណោមការប្រកួត ៤៥លើក ពោលគឺពីរលើកនេះគឺចាញ់ Canelo Alvarez នេះឯង៕
អត្ថបទ៖នាង សុភាវុធ