ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឲ្យដំណើរការនូវកាតាឡុកចំនួន ៦សារមន្ទីរ ដែលជាគម្រោងលើកដំបូង ស្មើនឹងសមច្ច័យចំនួនជាង ១៨០០ (វត្ថុបុរាណ) នៅលើប្រព័ន្ធអ៊ិនធឺណេត ។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោងនេះ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ បានលើកឡើងថា សម្រាប់សារមន្ទីរទាំង៦ ដែលបានដាក់ឲ្យដំណើរការកាតាឡុកនេះ មានសារមន្ទីរខេត្តតាកែវ អង្គរបុរី ខេត្តពោធិ៍សាត់ ព្រៃវែង កំពង់ឆ្នាំង និងខេត្តកំពង់ធំ និងគ្រោងដាក់បញ្ចូលនូវសារមន្ទីរផ្សេងៗទៀតផងដែរ ហើយគម្រោងនេះ មានកិច្ចសហការរវាងសារមន្ទីរជាតិ និងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ។
លោកបន្តថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ពីរ ទី១. ដើម្បីកែសម្រួល និងពង្រីកប្រព័ន្ធទិន្នន័យសមុច្ច័យ ដែលមានសារមន្ទីរជាតិកម្ពុជាតាំងពីច្រើនឆ្នាំកន្លងមក ដើម្បីបំពាក់ប្រព័ន្ធនោះទៅដល់សារមន្ទីរខេត្ត និងទី២. ដើម្បីដាក់បញ្ចូលទិន្នន័យសមុច្ច័យ របស់សារមន្ទីរខេត្តទាំង៦សារមន្ទីរ ទៅក្នុងកាតាឡុក ដែលនឹងបង្ហោះលើប្រព័ន្ធអ៊ីនធឺណែតដូចសារមន្ទីរជាតិបានធ្វើរួចមកហើយតាំងពីឆ្នាំ២០១៤ ។
លោកបន្តថា បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះសាធារណជន អាចស្វែងរកទិន្នន័យសមុច្ច័យរបស់សារមន្ទីរទាំង៦ នៅលើប្រព័ន្ធអ៊ីនធឺណែតដោយចូលតាមគេហទំព័ររបស់សារមន្ទីរជាតិ www.cambodiamuseum.info ការដាក់លបង្ហោះទិន្នន័យសមុច្ច័យទាំង៦ នេះជាការចូលរួមថែរក្សាលើកតម្លៃ និងផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌខ្មែរទៅដល់មហាជន ពិសេសគឺសម្រួលដល់អ្នកស្រាវជ្រាវដែលមានបំណងស្វែងយល់បន្ថែមពីសម្បត្តិវប្បធម៌ខ្មែរនៅតាមបណ្ដាខេត្ត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការផ្ដល់ប្រព័ន្ធទិន្នន័យសម្រាប់សារមន្ទីរខេត្ត និងការរៀបចំឲ្យមានប្រព័ន្ធថែរក្សាទិន្នន័យរួមមួយនៅសារមន្ទីរជាតិនេះ ប្រាកដជាទទួលបាននូវការធានាសុវត្ថិភាពរយៈពេលវែង ក្នុងការថែរក្សាទិន្នន័យសមុច្ច័យសារមន្ទីរទាំងអស់ ។
ឯកឧត្តមបន្តថា បានបន្តថា និយាយជារួមសមិទ្ធផលនេះ គឺជាផ្នែកមួយនៃកិច្ចការចងក្រងឯកសារនិងថែរក្សាទិន្នន័យសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ហើយសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការការពារសម្បត្តិបេតិកភណ្ឌកម្ពុជាតាំងពីដើមរៀងរហូតមក ជាពិសេសគឺអរគុណសម្រាប់ការឧបត្ថម្ភថវិកាដល់នាយកដ្ឋានសារមន្ទីរ ដើម្បីអនុវត្តគម្រោងជាមួយសារមន្ទីរទាំង៦នេះតែម្ដង ៕
អត្ថបទ៖ បាន សុខរិទ្ធិ