អង់គ្លេស៖ មេដឹកនាំពិភពលោក និងឥស្សរជនបានមកដល់ព្រះរាជវាំង Buckingham ដែលត្រូវបានរៀបចំទទួលដោយមហាក្សត្រ Charles III។ ក្នុងចំណោមភ្ញៀវមកចូលរួមមានរាជវង្សមកពីអឺរ៉ុប រួមមានមហាក្សត្រ Felipe របស់ប្រទេសអេស្បាញ, ម្ចាស់ក្សត្រីប្រទេសដាណឺម៉ាក Margrethe II ជាមួយនឹងព្រះរាជបុត្រាគឺព្រះអង្គម្ចាស់ Frederik និងគ្រួសាររាជវង្សប្រទេសហូឡង់។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងស្ត្រីទី១ លោកស្រី Jill Biden បានចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខជាផ្លូវការដើម្បីគោរពដល់ម្ចាស់ក្សត្រី Elizabeth។ លោកប្រធានាធិបតី និងស្ត្រីទី១ ស្ថិតក្នុងចំណោមមានចាប់ពីប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចររហូតដល់មេដឹកនាំពិភពលោក ដែលចូលមកគោរពព្រះវិញ្ញាណក្ខន្ធនៅអគារ Westminster Hall ជាកន្លែងដែលព្រះសពរបស់ម្ចាស់ក្សត្រីដាក់តម្កល់នៅទីនោះ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងស្ត្រីទី១ លោកស្រី Brigitte Macron បានគោរពវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Elizabeth II នៅទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីបារាំង និងស្ត្រីទី១ បានស្ថិតនៅក្នុងអគារ Westminster Hall ខណៈអ្នកកាន់ទុក្ខបានតម្រង់ជួរឆ្លងកាត់ព្រះមជ្ឈូសា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រី។ ឥស្សរជនបរទេសបានបន្តគោរពព្រះវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Elizabeth II ខណៈបានចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខជាផ្លូវការ។ មេដឹកនាំមកពីជុំវិញពិភពលោកបានធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍ មុនពេលពិធីបុណ្យព្រះសពរដ្ឋរបស់ព្រះមហាក្សត្រីដែលនឹងប្រារព្ធឡើងនៅថ្ងៃចន្ទនេះ៕
អត្ថបទ៖ ប៊ុនថន