កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានព្រមានដកមន្ត្រី និងសមត្ថកិច្ចនៅក្រោមឱវាទរបស់ខ្លួនចេញពីតំណែង ប្រសិនបើមន្ត្រីណាម្នាក់ មិនអើពើនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តម បានព្រមានបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ត្រីឃុំសង្កាត់ អភិបាលក្រុងស្រុក និងសមត្ថកិច្ចនៃកងកម្លាំងទាំង៣។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានបន្តទៀតថា បញ្ហាល្បែងស៊ីសងខុសច្បាប់នៅតាមបណ្តាឃុំសង្កាត់ទាំងអស់ក្នុងខេត្ត គឺមិនអាចបិទភ្នែកលោក លោកស្រីមេឃុំចៅសង្កាត់ ឬលោកមេប៉ុស្តិ៍ទាំងអស់នោះទេ លើកលែងតែអស់លោកមិនធ្វើការងារនេះ។ កន្លងមក នៅតាមហាងកាហ្វេគុយទាវមួយចំនួនក្នុងខេត្ត គឺឃើញមានអ្នកលេងចាក់កន្ទុយលេខ មានអ្នកលេងឆ្នោត ឬក៏ជល់មាន់តាមប្រព័ន្ធទូរទស្សន៍ជាដើម ដែលបញ្ហានេះ មិនត្រូវអោយមានតទៅទៀតឡើយគិតចាប់ពីថ្ងៃនេះតទៅ។ ប្រសិនបើនៅក្នុងដែនសមត្ថកិច្ចរបស់អ្នកណាកើតមាន អ្នកនោះត្រូវតែទទួលខុសត្រូវទាំងមេឃុំចៅសង្កាត់ មេប៉ុស្តិ៍ ចៅហ្វាយស្រុកក្រុង និងអភិបាលរងខេត្តផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបន្ថែមថា ចំពោះកិច្ចការងារទាំងអស់នៅតាមមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ដាច់ខាត និងត្រូវអនុវត្តទៅតាមច្បាប់។ ម្យ៉ាងវិញទៀតចំពោះបទល្មើសនេសាទ ត្រូវតែយកចិត្តទុកដាក់បន្តបង្ក្រាបតទៅទៀត ព្រោះយើងមានសម្ភារៈ និងមធ្យោបាយគ្រប់គ្រាន់ក្នុងការបង្ក្រាប។ ពិនិត្យមើលការងារភូមិឃុំមានសុវត្ថិភាពអោយបានហ្មត់ចត់ មិនត្រឹមតែមើលលើល្បែងស៊ីសងខុសច្បាប់ បទល្មើសនេសាទនោះទេ ត្រូវមើលតាំងពីចោរកម្ម មើលចំពោះសេវាសាធារណៈ ការអភិវឌ្ឍន៍ និងកិច្ចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋអោយបានទូលំទូលាយដល់សហគមន៍របស់ខ្លួនផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពតម្លាភាព និងជឿទុកចិត្ត។ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់ល្អ ពិសេសមិនមានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការ ជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង។ ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាព។ មានអនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អ។ ឆ្លើយតបបានទាន់ពេល ចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ។បើតាមក្រសួងមហាផ្ទៃ ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា៕ អត្ថបទ៖ ហុង វាស្នា








