ភ្នំពេញ៖ សហគ្រិនស្ត្រីកម្ពុជា មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តចំនួន ៣៥០នាក់ បានបញ្ចប់ការសិក្សាពីគម្រោង ពង្រឹងបណ្ដាញអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម ក្រោមការគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយ USAID ដែលអនុវត្តដោយសហគ្រាសសង្គម ស៊ី អ៊ីនវេសមិន។
គម្រោង ពង្រឹងបណ្ដាញអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម ដែលមានការគាំទ្រថវិកាដោយ ទីភ្នាក់ងារជំនួយ USAID នេះ ជាគម្រោងមួយដែលផ្តោតសំខាន់ជួយដល់សហគ្រិនស្រ្តីវ័យក្មេង ដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ចាម កំពត និងបាត់ដំបង ដើម្បីមានលទ្ធភាពក្នុងការអភិវឌ្ឍអាជីវកម្មខ្នាតតូចរបស់ពួកគាត់។
ក្នុងឱកាសអបអរសាទរចំពោះការបញ្ចប់វគ្គសិក្សានៃគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញានេះ លោកស្រី រ៉េបេកា ប្លេក នាយិការបេសកកម្មស្ដីទីនៃ ទីភ្នាក់ងារជំនួយ USAID ក៏បានបង្ហាញមោទនភាពក្នុងការរួមចំណែក បណ្ដុះបណ្ដាលសហគ្រិនស្រ្តី។ លោកស្រី បន្តថា សហគ្រិនស្ត្រីគឺដើរតួនាទីសំខាន់ ក្នុងសង្គមជាតិដោយមិនគ្រាន់តែបង្កើតអាជីវកម្មសម្រាប់ខ្លួនឯងនោះទេ។
លោកស្រីកោតសសើរចំពោះសហគ្រិនស្រ្តី ហើយក៏ជឿជាក់ថា សហគ្រិនស្ត្រីវ័យក្មេង នឹងបង្កើតភាពជោគជ័យកាន់តែច្រើនសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិរបស់ខ្លួន។
លើកឡើងស្រដៀងគ្នាផងដែរ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានកោតសសើរចំពោះសហគ្រិនស្ត្រីដែលឈានដល់ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោកជំទាវ បញ្ជាក់ថា ការជំរុញឱ្យមានសហគ្រិនស្រ្តីកាន់តែច្រើន ជាការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ផ្ដល់សិទ្ធិជូនស្រ្តី ដែលជាការវិនិយោគវៃឆ្លាតក្នុងការស្ដារជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ចំពោះលោកស្រី ឈឺន ពុទ្ធារី ជាម្ចាស់អាជីវកម្ម ម៉ាដាមច្នៃ ដែលទទួលបានការបណ្ដុះបណ្ដាល ពីគម្រោងខាងលើ លើកឡើងថា លោកស្រីពិតជាទទួលបានចំណេះដឹងច្រើន។ ចំណេះដឹងទាំងនេះ សព្វថ្ងៃបានធ្វើឱ្យអាជីវកម្មរបស់គាត់កាន់តែរីកចំរើន។
គួរបញ្ជាក់ថា គម្រោងបណ្ដុះបណ្ដាលសហគ្រិនស្រ្តីនេះ គឺមានរយៈពេល ៣ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២២នេះ។ ក្នុងការអនុវត្តគម្រោងនេះ ស៊ី អិនវេសមិន បានផ្តល់វគ្គបណ្តុះបណ្តាល អាជីវកម្មថ្នាក់មូលដ្ឋានចំនួន ៦ វគ្គគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់មូលដ្ឋានចំនួន ១០ និងផ្តល់ជំនួយក្រោមគម្រោងកញ្ចប់ថវិកាខ្នាតតូចទៅកាន់សហគ្រិនស្ត្រីចំនួន ២ ក្រុមផងដែរ៕
អត្ថបទ៖ គឹមហុក