ជប៉ុន៖ ព្យុះទីហ្វុង Nanmadol ដែលបានបក់បោកមកដល់កោះ Kyushu របស់ប្រទេសជប៉ុនកាលពីរសៀលថ្ងៃអាទិត្យបានប៉ះពាល់ដល់ចរាចរណ៍ក្នុងតំបន់ និងបណ្តាលឲ្យបិទហាងទំនិញ។
នៅទីក្រុង Kumanoto ព្យុះទី១៤ នៅឆ្នាំនេះបានបញ្ឈប់សេវាកម្មរថភ្លើងល្បឿនលឿន Shinkansen ទៅកាន់ទីក្រុង Kagoshima និងបានផ្អាករថភ្លើងល្បឿនលឿន Shinkansen ទៅក្រុង Hakata នៃខេត្ត Fukuoka ចាប់កាលពីរសៀលថ្ងៃអាទិត្យ។ ពលរដ្ឋក្នុងតំបន់និយាយថា ខ្ញុំមានគម្រោងត្រលប់ទៅទីក្រុង Nagoya វិញពីទីនេះ ប៉ុន្តែជើងហោះហើរទាំងអស់ត្រូវបានលុបចោល ដូច្នេះខ្ញុំត្រូវជិះរថភ្លើង Shinkansen។ ពេលដំបូងខ្ញុំនឹងជិះរថយន្តក្រុងត្រលប់ទៅវិញ ប៉ុន្តែរថយន្តក្រុងទាំងអស់ពុំមានបម្រើសេវាកម្មឡើយ ដូច្នេះខ្ញុំត្រូវជិះរថភ្លើង Shinkansen ទៅកាន់ទីក្រុង Hakata។ ខ្ញុំបានដឹងថា ព្យុះទីហ្វុងនឹងបក់ឆ្ពោះទៅកាន់តំបន់ Kanto ហើយវាមានកម្លាំងខ្លាំង ដូច្នេះខ្ញុំគិតថាវាគួឲ្យព្រួយបារម្ភ។ ពលរដ្ឋនិយាយថា ប្រជាជនបានរងផលប៉ះពាល់ដោយព្យុះទីហ្វុង មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភោជនីយដ្ឋាននៅទីក្រុង Kumanoto ត្រូវបានបិទជាបណ្តោះអាសន្ន ហើយហាងទំនិញមួយចំនួនអស់ទំនិញផ្គត់ផ្គង់។ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនេះបានបោកបក់ទៅកាន់តំបន់ភាគខាងត្បូងប្រទេសជប៉ុន ដោយមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស ព្រមទាំងមានការជម្លៀសមនុស្សរាប់ពាន់នាក់៕
អត្ថបទ៖ ប៊ុនថន