បាល់ទាត់៖ ក្លិប Union Berlin បានត្រលប់ឡើងមកឈរកំពូលតារាងវិញនៃក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ក្រោយយកឈ្នះ Wolfsburg ២-០ យប់មិញក្នុងសប្តាហ៍ទី៧។

Union Berlin ដែលឡើងមកកំពូលតារាងកាលពីសប្តាហ៍ទី៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបនោះត្រូវរង់ចាំដល់វគ្គទី២ ក្នុងការប្រកួតនេះទើបអាចរកបានគ្រាប់នាំមុខធ្វើបានដោយខ្សែប្រយុទ្ធអាមេរិក Jordan Pefok នៅនាទីទី៥៤ មុនពេលដែល Sheraldo Becker ជាអ្នកធានាជ័យជំនះនៅនាទីទី៧៧។ ជ័យជំនះនេះធ្វើឱ្យ Union Berlin ត្រលប់មកឈរកំពូលតារាងវិញពីលើ Dortmund ២ពិន្ទុ ខណៈ Dortmund បានយកឈ្នះ Schalke 04 ១-០ កាលពីថ្ងៃសៅរ៍។
ជាមួយគ្នានោះដែរ Bayern Munich កាលពីថ្ងៃសៅរ៍បន្តរកមិនបានជ័យជំនះនៅក្នុងលីគ ៤ប្រកួតផ្ទួនៗក្រោយចាញ់នៅទឹកដី Augsburg ១-០។ បរាជ័យនេះមានន័យថា តាំងពីឈ្នះ Bochum ៧-០ កាលពីថ្ងៃទី២១ ខែសីហា Bayern Munich ក្រោយមកក៏ស្មើ ៣ប្រកួតជាប់គ្នា មុនពេលចាញ់ Augsburg ក្នុងសប្តាហ៍ទី៧ នេះធ្លាក់ទៅឈរលេខ៥ ក្នុងតារាងមានត្រឹម ១២ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង Union Berlin ៥ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ