វាយកូនបាល់៖ កីឡាករលំដាប់លេខ ១ ពិភពលោកថ្មីថ្មោង Carlos Alcaraz រកបានជ័យជំនះដំបូងរបស់ខ្លួនក្នុងរជ្ជកាលនៃតំណែងលេខ ១ ពិភពលោកក្រោយយកឈ្នះកីឡាករកូរ៉េ Kwon Soon-woo នាំក្រុមអេស្ប៉ាញឡើងវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Davis Cup។
Carlos Alcaraz ដែលឡើងមកឈរលំដាប់កំពូលរបស់ពិភពលោកតាមរយៈការឈ្នះជើងឯក Grand Slam លើកដំបូងរបស់ខ្លួននៅ US Open បានយកឈ្នះ Kwon Soon-woo ដោយលទ្ធផល ៦-៤ និង ៧-៦(៧-១)។ ជាមួយគ្នានោះដែរ Roberto Bautista Agut គឺជាអ្នករកបានជ័យជំនះដំបូងឱ្យអេស្ប៉ាញក្រោយយកឈ្នះ Hong Seong-chan ៦-១ និង ៦-៣។ ជើងឯក ៦សម័យអេស្ប៉ាញនឹងបន្តជួបជាមួយក្រូអាស៊ី ដើម្បីកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែកការប្រកួតក្នុងពូល B នៅប្រទេសអ៊ីតាលី ក្រុមម្ចាស់ផ្ទះក៏បានបន្តដំណើរឡើងជុំបន្តដែរតាមរយៈជ័យជំនះរបស់ Matteo Berrettini លើកីឡាករ Elias Ymer ៦-៤ និង ៦-៤ មុនពេលដែល Mikael Ymer យកឈ្នះ Jannik Sinner វិញ ៦-៤, ៣-៦ និង ៦-៣។ ប្រកួតកាត់សេចក្ដី វាយគូកីឡាករ Simone Bolelli និង Fabio Fognini ឈ្នះ Andre Goransson និង Dragos Nicolae Madaras ៧-៦ និង ៦-២។ តាមរយៈលទ្ធផលនេះអ៊ីតាលីឈ្នះក្រុមស៊ុយអែត ២ទល់១ ឡើងជួបជាមួយអាមេរិកនៅវគ្គ ៨ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ