
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យតាមបណ្ដាហាងបញ្ចាំជាច្រើននៅតំបន់ឃ្លាំងរំសេវ ស្ថិតនៅមូលដ្ឋានសង្កាត់ទាំងល្អក់៣ ខណ្ឌទួលគោកដោយត្រួតពិនិត្យមើលលើអាជ្ញាប័ណ្ណមានឬផុតកំណត់ និងអនុវត្តតាមនីតិវិធី។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៤និង ៥០នាទី ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះមូលដ្ឋានខណ្ឌទួលគោក។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះមិនមែនធ្វើតែមួយថ្ងៃនេះឡើយ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីបង្ការ និងបង្ក្រាបគ្រប់បទល្មើសល្បែងស៊ីសងទាំងអស់ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕ អត្ថបទ៖ កុម្ភៈ



