ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញានេះ នៅក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនទេសចរនិងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិទូទាំងប្រទេ ស គ.អ.ច.ទ។
ក្នុងកិច្ចប្រជុំនេះ គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ បានឯកភាព និងប្តេជ្ញាលុបបំបាត់អំពើអសកម្មភាពនានានៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា ដើម្បីសម្រួលការធ្វើដំណើរឆ្លងដែនរបស់ភ្ញៀវទេសចរអន្តរជាតិមានភាពទាក់ទាញ។
បើតាមឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអនុប្រធានគណៈកម្មការអន្តរក្រសួ ង គ.អ.ច.ទ បានថ្លែងថា នៅពេលបច្ចុប្បន្ន គ្រប់អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ អាចឆ្លងដែនចូលទឹកដីកម្ពុជាបាន ដោយភ្ញៀវគ្រាន់តែមានលិខិតឆ្លងដែន Passport និងមានប័ណ្ណចាក់វ៉ាក់សាំង ឬឯកសារចាក់វ៉ាក់សាំងកូវីដដូសមូលដ្ឋានពេញលេញតែប៉ុណ្ណោះ ដោយឡែកសម្រាប់ទេស ចរអន្តរជាតិមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឲ្យមានធ្វើតេស្តរហ័ស។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ ថ្លែងថា នៅពេលបច្ចុប្បន្នគ្រប់ទេសចរអន្តរជាតិដែលមកពីប្រទេសលើកលែងវីហ្សាមកកម្ពុជា គឺធ្វើដំណើរឆ្លងដែនចូលកម្ពុជា មិនមានការបង់ថ្លៃសេវាអ្វីទាំងអស់ ដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកពីប្រទេសតម្រូវឲ្យធ្វើវីហ្សា គឺឯកឧត្តម ស្នើមន្ត្រីច្រកទ្វារសូមកុំយកតម្លៃសេវាធ្វើវីហ្សាហួសពីតម្លៃសេវារដ្ឋបានកំណត់ ហើយត្រូវបិទប្រកាសតម្លៃសេវាធ្វើវីហ្សានោះឲ្យបានច្បាស់ដើម្បីឲ្យភ្ញៀវមើលឃើញទាំងអស់គ្នា។
បើតាមនាយឧត្តមសេនីយ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំនេះ បានថ្លែងស្នើឲ្យគ្រប់គ្រងភាគីពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិអន្តរជាតិ សូមរាយកា រណ៍មកថ្នាក់ដឹកនាំ ករណីមាននគរបាលអន្តោប្រវេសន៍តាមច្រកទ្វារប្រព្រឹត្តអំពើអសកម្ម បំពេញឯកសារឆ្លងដែនយឺត ដើម្បីជាថ្នូរនឹងការរកប្រាក់ក្រៅសេវា ឬ យកតម្លៃធ្វើវីហ្សាលើសសេវារដ្ឋបានកំណត់ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា