បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំជប៉ុននាវេលាម៉ោង ៧យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជុំវិញការប្រកួតដែលអ្នកគាំទ្រចាប់អារម្មណ៍ ពិសេសសមាសភាពកីឡាករជប៉ុនដែលភាគច្រើនជានិស្សិតនេះ គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាលោក Ryu Hirose បានលើកឡើងថា មិនមែនជាការប្រកួតងាយស្រួលនោះទេ ស្របពេលគ្រូបង្វឹកក្រុមជប៉ុនបានបង្ហាញពីមហិច្ឆតាចង់ឈ្នះដូចគ្នា។ លោក Ryu Hirose បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ទោះបីកីឡាករជប៉ុនទាំងអស់មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្ដែពួកគេសុទ្ធតែជាកីឡាករកម្រិតខ្ពស់ និងជាអនាគតកីឡាករអាជីពក្នុងលីគកំពូលជប៉ុន។ ដូច្នេះត្រូវផ្លាស់ប្ដូរការគិត ព្រោះនេះមិនមែនជាការប្រកួតងាយស្រួល ដូចអ្នកគាំទ្រកម្ពុជាមួយចំនួនលើកឡើងនោះទេ។ លើសពីនេះលោកបានចាត់ទុកការប្រកួតនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់ក្រុមយុវជន U23 កម្ពុជា ដើម្បីវាស់ស្ទង់សមត្ថភាព ជាមួយក្រុមយុវជនជប៉ុនដែលមកពីជំនាន់ដូចគ្នា។ នេះគឺជាការត្រៀមដ៏ល្អសម្រាប់ការប្រកួតបន្ដបន្ទាប់ទៀត។ លោកសង្ឃឹមថា កូនក្រុមរបស់ខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

ដោយឡែកលោក Lee Wooyoung គ្រូបង្វឹកក្រុមជម្រើសជាតិ U23 ជប៉ុនបានបង្ហាញក្ដីរំពឹងថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អដើម្បីទទួលបានជ័យជម្នះជូនអ្នកគាំទ្ររបស់ខ្លួន ទោះបីកីឡាករភាគច្រើនមកពីក្រុមសាកលវិទ្យាល័យក៏ដោយ។ លោកបង្ហើបថា បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិជាមួយកម្ពុជា កីឡាករភាគច្រើននឹងចូលរួមជាមួយក្លិបអាជីពនៅលីគកំពូល និងលីគទី២ ជប៉ុន។ ទន្ទឹមជាមួយគ្នា គ្រូបង្វឹករូបនេះក៏បានអរគុណសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានអញ្ជើញក្រុមខ្លួន និងរៀបចំឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិនេះផងដែរ។ សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងក្រុម U23 កម្ពុជា និង U23 ជប៉ុននេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕
អត្ថបទ៖ លី ឈុនឡា