វ៉ូវីណាម៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រាដែលសហព័ន្ធបានសម្លឹកឃើញធនធានថ្មីៗដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់គួរឲ្យកត់សម្គាល់ ក្រោយបញ្ចប់ការប្រកួតប្រចាំឆ្នាំនេះ។
ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ សៅ ស្រីពៅ អនុប្រធានកិត្តិយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា, ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ហើយក៏មានការចូលរួមជាកិត្តិយសពីលោក Snatiphap Intaraphart អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ផងដែរ។ លោក យាំ ថៃសាន អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតទទួលបានការឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងមានការជួយជ្រោមជ្រែងពីវិស័យឯកជននេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៨២នាក់មកពី ៨សមាគម/ក្លិប ក្រសួង និងរាជធានី/ខេត្ត ដែលធ្វើការប្រកួតលើ ១៩វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេស ក្រៅពីកំណត់បាននូវកីឡាករ-កីឡាការិនីជ័យលាភី សហព័ន្ធបានសម្លឹងឃើញកីឡាករ-កីឡាការិនីថ្មីៗដែលមានបច្ចេកទេស ទេពកោសល្យ និងសមត្ថភាពខ្ពស់ មានស្មារតីអង់អាចក្លាហានដែលអាចប្រកួតប្រជែងនៅកម្រិតជាតិ និងអន្ដរជាតិបាន។
រីឯអាជ្ញាកណ្ដាល-ចៅក្រម និងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតវិញ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំការប្រកួតនានា ពិសេសបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ ដើម្បីរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាខែវិច្ឆិកាខាងមុខ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តែម្ដង។ បន្ថែមលើនេះ ឯកឧត្តម អ៊ូ រតនា បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំការប្រកួតរបស់មន្ដ្រីបច្ចេកទេស ពិសេសការខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពរបស់កីឡាករ-កីឡាការិនី ដែលជំរុញឲ្យព្រឹត្តិការណ៍ថ្នាក់ជាតិនេះដំណើរការប្រកួតដោយរលូន និងទទួលបានផ្លែផ្កាជាវិជ្ជមាន ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដែលកំពុងសម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ។ សម្រាប់លទ្ធផលជារួម ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃ គេឃើញក្លិបកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៥គ្រឿង (មាស ៩ ប្រាក់ ២ និងសំរឹទ្ធ ៤) ខណៈខេត្តស្វាយរៀងឈរលេខ២ ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ១) និងក្រសួងមហាផ្ទៃឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ១០ សរុប ១៤គ្រឿង។ ចំណែកក្លិបខណ្ឌសែនសុខឈរលេខ៤ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ៦) និងខេត្តកំពង់ស្ពឺឈរលេខ៥ ឈ្នះមេដាយសរុប ៣គ្រឿងរួមមានមេដាយមាស ២ និងប្រាក់ ១៕
អត្ថបទ៖ លី ឈុនឡា