ចិន៖ ប្រទេសចិនកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានតវ៉ាយ៉ាងដាច់ណាត់ជាមួយអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងការពារកោះតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ចិន ដោយបន្ថែមថា ការអត្ថាធិប្បាយរបស់លោកបានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយលើកោះនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃចន្ទថា ភាគីសហរដ្ឋអាមេរិកបានរំលោភលើគោលនយោបាយចិនតែមួយ សេចក្តីថ្លែងការណ៍រួមចំនួន៣ រវាងចិន-អាមេរិក បំពានយ៉ាងធ្ងន់ធ្ងរលើការប្ដេជ្ញាចិត្តនៃការមិនគាំទ្រឯករាជ្យកោះតៃវ៉ាន់ និងបញ្ជូនសញ្ញាខុសយ៉ាងខ្លាំង ចំពោះកងកម្លាំងបំបែកខ្លួនទាមទារឯករាជ្យកោះតៃវ៉ាន់។
លោកស្រី Mao និយាយថា ចិនបានជំទាស់យ៉ាងដាច់ណាត់។ មានចិនតែមួយប៉ុណ្ណោះនៅលើពិភពលោកនេះ ហើយតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន ជាមួយគ្នានេះយើងមិនដែលអត់ឱនឲ្យសកម្មភាពដែលមានបំណងបំបែកបំបាក់ចិនឡើយ ហើយយើងនឹងត្រៀមគ្រប់ជម្រើសទាំងអស់ក្នុងការចាត់វិធានការចាំបាច់នានា។ កាលពីថ្ងៃអាទិត្យលោក Biden ត្រូវបានគេសួរថា តើកងទ័ពអាមេរិកនឹងការពារកោះតៃវ៉ាន់ទេ ក្នុងករណីមានការវាយប្រហារមិនធ្លាប់មានណាមួយពីប្រទេសចិននោះ លោកបានឆ្លើយថា ពិតមែនហើយ៕
អត្ថបទ៖ សុខមាន