បាល់ទាត់៖ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola បានបញ្ជាក់ថា របួសស្មារបស់ខ្សែបម្រើអង់គ្លេស Kalvin Phillips អាចមានលទ្ធភាពជាទាន់ World Cup តែត្រូវការវះកាត់។ Kalvin Phillips មិនស្ថិតក្នុងក្រុម Manchester City ឡើយពេលយកឈ្នះនៅដី Wolverhampton សប្តាហ៍មុន បន្ទាប់ពីរងរបួសស្មាតាំងពីការប្រកួតមិត្តភាពជាមួយ Barcelona នៅអេស្ប៉ាញខែមុន។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបានរងរបួសញាំញីតាំងពីផ្លាស់ពី Leeds United ដោយបង្ហាញខ្លួនបានត្រឹម ១៣នាទីប៉ុណ្ណោះជាមួយក្លិបថ្មីរបស់ខ្លួន។ របួសរបស់ Kalvin Phillips ធ្វើឱ្យគេអវត្តមានពីក្រុមជំរើសជាតិអង់គ្លេសសម្រាប់ការប្រកួតក្របខណ្ឌ UEFA Nations League សប្តាហ៍នេះនៅពេលអង់គ្លេសជួបអ៊ីតាលី និងអាល្លឺម៉ង់។ អង់គ្លេសស្ថិតក្នុងពូល B នៅ World Cup ដោយនឹងត្រូវជួបជាមួយអ៊ីរ៉ង់មុនគេនៅថ្ងៃទី២១ ខែវិច្ឆិកា ជួបអាមេរិកថ្ងៃទី២៥ និងជួបវែលថ្ងៃទី២៩ ខែវិច្ឆិកាដដែល៕
អត្ថបទ៖នាង សុភាវុធ