អូឡាំពិក៖ កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអង្គារថា នឹងមិនចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំនេះឡើយ ដោយសារតែខ្លាចឆ្លងមេរោគ Covid-19។ សេចក្តីសំរេចរបស់កូរ៉េខាងជើងនេះ គឺដើម្បីការពារសុខុមាលភាពអត្តពលិករបស់ខ្លួន។
ជាមួយគ្នានោះដែរ សេចក្តីសំរេចនេះក៏បានបញ្ចប់ក្តីសង្ឃឹម របស់កូរ៉េខាងត្បូងក្នុងគោលបំណងចូលរួមប្រកួតអូឡាំពិកក្រោមទង់តែមួយ។ កាលពីឆ្នាំ២០១៨ បងប្អូនកូរ៉េខាងទាំងពីរបានចូលរួមជាមួយគ្នា ប្រកួតក្រោមទង់តែមួយជាប្រវត្តិសាស្ត្រ នៅព្រឹត្តិការណ៍អូឡាំពិករដូវរងា។ ទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា ប្រទេសរបស់ខ្លួនមិនមានករណីឆ្លងមេរោគ Covid-19 ឡើយ តែអ្នកជំនាញថា ប្រហែលជាមិនពិតឡើយ។
សេចក្តីប្រកាសនេះ ធ្វើឲ្យកូរ៉េខាងជើងបានក្លាយជាប្រទេសទី១ ដែលបានដកខ្លួនមិនចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដែលលើកមក ២០២១ នេះ ខណៈព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្តងនេះនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ នេះជាលើកដំបូងសំរាប់កូរ៉េខាងជើង ដែលអវត្តមានពីអូឡាំពិករដូវក្តៅតាំងពីឆ្នាំ១៩៨៨ ដែលបានធ្វើពហិការមិនចូលរួមការប្រកួត ដែលរៀបចំនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង អំឡុងពេលសង្គ្រាមត្រជាក់៕
អត្ថបទ៖នាង សុភាវុធ