បាល់ទាត់៖ អ្នកចាំទី Tottenham Hotspur, Hugo Lloris នឹងអវត្តមានពីក្រុមជម្រើសជាតិបារាំងសំរាប់ការប្រកួតក្របខណ្ឌ UEFA Nations League សប្តាហ៍នេះដោយសាររបួសភ្លៅ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់បារាំង។
Hugo Lloris បានចូលលេងប្រកួតចុងក្រោយឱ្យ Spurs ពេលយកឈ្នះ Leicester City កាលពីថ្ងៃអាទិត្យជាប្រកួតដែលក្រោយមកដឹងថា Lloris មានបញ្ហាភ្លៅខាងស្តាំ។ អវត្តមានរបស់ Hugo Lloris មានន័យថា ក្រុមជើងឯកពិភពលោកបារាំងនឹងអវត្តមានកីឡាករសំខាន់ៗជាច្រើនរូប មុនការប្រកួតលក្ខណៈអន្តរជាតិសប្តាហ៍នេះ។ ខ្សែការពារ AC Milan, Theo Hernandez ក៏អវត្តមានដែរដោយសាររបួសដូចគ្នា ធ្វើឱ្យអវត្តមាននេះត្រូវជំនួសដោយអ្នកចាំទី Nantes, Alban Lafont និងខ្សែការពារ Aston Villa, Lucas Digne។
ក្រុមរបស់លោក Didier Deschamps ក៏មិនមានវត្តមានខ្សែប្រយុទ្ធ Real Madrid, Karim Benzema ដែរដោយសាររបួសភ្លៅទាំងសងខាងអំឡុងជ័យជំនះនៅទឹកដី Celtics ក្របខណ្ឌ UEFA Champions League។ បារាំងស្ថិតនៅក្រោមគេក្នុងពូលទី១ នៃ League A ដោយមានត្រឹម ២ពិន្ទុប៉ុណ្ណោះពីការប្រកួត ៤លើក ខណៈសប្តាហ៍នេះនឹងត្រូវជួបជាមួយអូទ្រីសនៅថ្ងៃព្រហស្បតិ៍ និងទៅទឹកដីដាណឺម៉ាកនៅថ្ងៃអាទិត្យ៕
អត្ថបទ៖នាង សុភាវុធ